ចាប់ពីថ្ងៃទី ១ ដល់ ៣១ ខែតុលា ឆ្នាំ ២០២២ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនថ្មី និងដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រកម្ពុជា នឹងដាក់ឱ្យដំណើរការសាកល្បងប្រើប្រាស់ដោយឥតគិតថ្លៃ។
ដើម្បីជួយឱ្យប្រជាពលរដ្ឋយល់ដឹងច្បាស់អំពីរបៀបរបបនៃការប្រើប្រាស់ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មុនពេលចូលរួមធ្វើចរាចរណ៍ ចាប់ពីថ្ងៃទី ១ ដល់ ៣១ ខែតុលា ឆ្នាំ ២០២២ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ចេញវីដេអូអប់រំមួយក្នុងបំណងបញ្ចៀសបញ្ហាដែលអាចកើតឡើងនៅពេលធ្វើដំណើរក្នុងផ្លូវនេះ។
ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានប្រវែងសរុប ១៨៧,០៥ គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ២២ ខែមីនា ឆ្នាំ ២០១៩។ តួផ្លូវនេះមានទទឹង ២៤ ម៉ែត្រ និងមាន ៤ គន្លង (២ ទៅ ២ មក) និងគន្លងឈប់បន្ទាន់ (១ ទៅ ១ មក) ក្រាលបេតុងកៅស៊ូ (AC) តភ្ជាប់ពីរាជធានីភ្នំពេញ ទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវនេះមានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មកផ្លូវជាតិលេខ ៤ ចំនួន ៦ កន្លែង មានកន្លែងឈប់សម្រាក ៣ កន្លែង និងចំណតរថយន្ត ១ កន្លែង។
សូមទស្សនាវីដេអូអប់រំខាងក្រោម ៖