Changan Automobile ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់ រដ្ឋចិន ទើបតែបានបង្ហាញវត្តមានរថយន្តអគ្គិសនី Shenlan SL03 មានរូបរាងដូចខ្លាំងទៅនឹង Tesla Model 3 តែមានតម្លៃចាប់ពី ២៦,០០០ ដុល្លារប៉ុណ្ណោះ។
ផ្ទៃខាងមុខ និងទំហំរបស់រថយន្តអគ្គិសនី Shenlan SL03 ដូចទៅនឹង Model 3 របស់ Tesla។ Shenlan SL03
មានបណ្ដោយវែងជាង Model 3 ប្រហែលតែ ១០ សម ប៉ុន្តែ ទទឹង កម្ពស់ និងចម្ងាយចន្លោះភ្លៅនៃកង់រថយន្ត (wheelbase) មានប្រវែងស្ទើរតែស្មើគ្មានទាំងស្រុង។
គ្រឿងសង្ហារិមរបស់ Shenlan SL03 មានលក្ខណៈសាមញ្ញ និងមានអេក្រង់ទូរទស្សន៍ធំមួយគ្រឿងនៅខាងមុខ ចំកណ្ដាល ដូចទៅនឹងក្នុងរថយន្ត Model 3។
រថយន្តអគ្គិសនី Shenlan SL03 កំណែធម្មតាអាចរត់បានចម្ងាយផ្លូវ ៥១៥ គីឡូម៉ែត្រ និងកំណែខ្ពស់ជាងនេះរត់បាន ៧០៥ គីឡូម៉ែត្រ នៅពេលបញ្ចូលថាមពលពេញ។
Shenlan SL03 មានតម្លៃចាប់ពី ១៨៣,៩០០ យុន ប្រហែល ២៦,០០០ ដុល្លារអាម៉េរិក។ ចំណែក Tesla Model 3 នៅ ប្រទេសចិន មានតម្លៃចាប់ពី ២៧៩,៩០០ យុន ប្រហែល ៤០,០០០ ដុល្លារអាម៉េរិក។
ក្រុមហ៊ុន Huawei និង CATL (CATL ជាអ្នកផលិតថ្មផ្ទុកថាមពល និងជាអ្នកផ្គត់ផ្គង់សំខាន់ដល់ Tesla) ក៏ចូលរួមអភិវឌ្ឍរថយន្តអគ្គិសនី Shenlan SL03 ជាមួយនឹង Changan Automobile ផងដែរ។
Changan Automobile ទទួលបានការបញ្ជាទិញរថយន្តអគ្គិសនី Shenlan SL03 ចំនួនជាង ១៥,០០០ គ្រឿង បន្ទាប់ពីការបង្ហាញរថយន្តនេះបានប៉ុន្មានម៉ោងប៉ុណ្ណោះ។ Changan Automobile មានគម្រោងប្រគល់រថយន្តដល់ដៃអតិថិជនដំបូងៗនៅចុងឆ្នាំនេះ និងបង្កើនការផលិតឱ្យបាន ១៥,០០០ គ្រឿងជារៀងរាល់ខែ៕