កាលពីថ្ងៃទី ២១ កញ្ញា ឆ្នាំ ២០២២ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចុះពិនិត្យការងារត្រៀមរៀបចំបើកឱ្យប្រើប្រាស់សាកល្បងដោយឥតគិតថ្លៃផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ចាប់ពីថ្ងៃទី ០១ ដល់ថ្ងៃទី ៣១ ខែតុលា ២០២២ ក្នុងគ្រាដែលផ្លូវនេះបានត្រៀមរួចរាល់ស្ទើរ ១០០%។
នៅក្នុងកិច្ចសម្ភាសជាមួយក្រុមអ្នកយកព័ត៌មាននៅក្នុងដំណើរត្រួតពិនិត្យខាងលើ ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ពីចំណុចសំខាន់ៗមួយចំនួន ដែលអ្នកបើកបរយានយន្តត្រូវដឹង មុននឹងប្រើប្រាស់ផ្លូវល្បឿនលឿនថ្មី និងដំបូងគេបង្អស់របស់ កម្ពុជា។
ប្រការដែលអ្នកបើកបរលើផ្លូវថ្មីនេះត្រូវដឹង មានដូចជា របៀបប្រើប្រាស់គន្លងផ្លូវ ល្បឿនបើកបរដែលបានកំណត់ ប្រភេទយានយន្ត ដែល្រូវបានអនុញ្ញាតឱ្យបើកបរ ទីតាំងបញ្ជរបង់ប្រាក់ និងច្រកចេញចូល ក៏ដូចជារបៀបនៃការវ៉ាជែង។
សម្រាប់ទោចក្រយានយន្ត (ម៉ូតូ) ដែលមានទំហំស៊ីឡាំងចាប់ពី ៥០០cc (ម៉ូតូសាំង) ឬ ២៧kw (ម៉ូតូអគ្គិសនី) ឡើង មានបំណងបើកបរលើផ្លូវល្បឿនលឿន គឺត្រូវបានតម្រូវឱ្យស្នើសុំស្លាកសញ្ញាសម្រាប់បិទបញ្ជាក់ (Sticker) ពី ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមុន។
របៀបនៃការទូទាត់សេវាប្រើប្រាស់ផ្លូវល្បឿនលឿននេះ នឹងធ្វើឡើងតាមប្រព័ន្ធអេឡិចត្រូនិច ETC នៅពេលបញ្ចប់ដំណើរការសាកល្បងដោយមិនគិតថ្លៃ។ ក្រសួង និងក្រុមហ៊ុនកំពុងសហការរៀបចំប្រព័ន្ធបច្ចេកវិទ្យាដែលមានលក្ខណៈសាមញ្ញ សម្រួលដល់បងប្អូនប្រជាពលរដ្ឋអាចធ្វើការបង់ប្រាក់ជាមុន និងប្រើប្រាស់ផ្លូវល្បឿនលឿន ដោយមិនចាំបាច់ឆ្លងកាត់នីតិវិធីស្មុគស្មាញ និងមិនចាំបាច់តម្រូវឱ្យចេះប្រើប្រព័ន្ធបច្ចេកវិទ្យាឡើយ។ ចំណែកការបង់ប្រាក់ នឹងអាចធ្វើបានជាមួយជម្រើសសម្បូរបែប គ្រប់ពេលវេលា និងពីគ្រប់ទីកន្លែង។
បច្ចេកវិទ្យាខាងលើនឹងសម្រួលដល់ការចេញចូលផ្លូវល្បឿនលឿន ដោយមិនចាំបាច់រង់ចាំ ចំណាយពេលយូរនៅច្រកចេញចូលឡើយ។ ដើម្បីចូលទៅកាន់ផ្លូវល្បឿនលឿនបាន បងប្អូនដែលជាអ្នកបើកបរត្រូវប្រើប្រាស់យានយន្តបានចុះបញ្ជី និងត្រួតពិនិត្យលក្ខណៈបច្ចេកទេស (ឆៀក) នៅក្នុងសុពលភាពឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសដែលកំណត់ដោយក្រសួង ដើម្បីធានាបានសុវត្ថិភាពចរាចរណ៍ ព្រមទាំងកាត់បន្ថយបទល្មើសនានា។
ក្រសួងសាធារណការ បានរៀបចំផលិតវីដេអូអប់រំ ស្តីពីការប្រើប្រាស់ផ្លូវ ល្បឿនលឿននេះដែរ ហើយត្រៀមនឹងផ្សព្វផ្សាយនាពេលឆាប់ៗខាងមុខ នេះបើតាម ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុត ចាន់ថុល៕