(សហរដ្ឋអាម៉េរិក)-រយៈពេលជិត ៨ សប្ដាហ៍ បន្ទាប់ពីប្រកាសរង្វាន់ពិសេស Mega Millions ដែលមានតម្លៃ ១.៣៤ ពាន់លានដុល្លារ អតិថិជនមហាសំណាងដែលត្រូវឆ្នោតនេះ បានទៅទទួលប្រាក់នៅឯ Illinois សហរដ្ឋអាម៉េរិក។
ស្ថាប័នឆ្នោតរបស់រដ្ឋ Illinois កាលពីថ្ងៃទី ២១ កញ្ញា បានឱ្យដឹងថា ម្ចាស់សន្លឹកឆ្នោតរង្វាន់ពិសេស Mega Millions តម្លៃ ១.៣៤ ពាន់លានដុល្លារ ដែលត្រូវបានប្រកាសកាលពីថ្ងៃទី ២៩ កក្កដា គឺជាមនុស្ស ២ នាក់ ដែលមុននោះ ពួកគេបានសន្យានឹងគ្នាថា នឹងចែកប្រាក់រង្វាន់នេះម្នាក់ពាក់កណ្ដាល បើសិនជាត្រូវ។
ស្ថាប័នខាងលើប្រាប់ថា ម្ចាស់រង្វាន់ខាងលើក៏បានចំណាយពេលច្រើនសប្ដាហ៍ដើម្បីពិភាក្សាជាមួយអ្នកច្បាប់ និងអ្នកជំនាញផ្នែកហិរញ្ញវត្ថុ។ ពួកគេសុទ្ធតែមិនចង់បង្ហើបឱ្យដឹងអំពីអត្តសញ្ញាណ និងជ្រើសរើសវិធីទទួលប្រាក់មួយលើក។
«ខ្ញុំបានធ្វើការក្នុងស្ថាប័នឆ្នោតរបស់រដ្ឋ Illinois អស់រយៈពេល ៥ ឆ្នាំ ហើយនេះគឺជារង្វាន់ធំបំផុតដែលខ្ញុំធ្លាប់ចាត់ចែង» Luis Rodriguez ដែលជាមន្ត្រីស្ថាប័នឆ្នោតរបស់រដ្ឋ Illinois ថ្លែងដូច្នេះ។
ម្ចាស់សន្លឹកឆ្នោតដែលឈ្នះរង្វាន់ពិសេសនេះបានទិញឆ្នោតនៅឯស្ថានីយប្រេងសាំង Speedway ក្នុងទីក្រុង Des Plaines កាលពីខែកក្កដា ២០២២ នេះបើតាម Harold Mays ប្រធានស្ថាប័នឆ្នោតរដ្ឋ Illinois។
ជំនួសឱ្យការស្នើឱ្យអ្នកត្រូវឆ្នោតបង្ហាញអត្តសញ្ញាណដូចទៅនឹងរដ្ឋមួយចំនួនរបស់ សហរដ្ឋអាម៉េរិក អ្នកត្រូវឆ្នោតដែលមានតម្លៃចាប់ពី ២៥០,០០០ ដុល្លារ នៅ Illinois មានសិទ្ធិមិនប្រកាសអំពីអត្តសញ្ញាណ។
រង្វាន់ ១.៣៤ ពាន់លានដុល្លារ គឺជារង្វាន់ធំជាងគេទី ៣ នៅក្នុងប្រវត្តិសាស្ត្រអាម៉េរិក។ អ្នកត្រូវឆ្នោតមានសិទ្ធិទទួលប្រាក់រង្វាន់ក្នុងរង្វង់ ១២ ខែ រាប់ចាប់ពីថ្ងៃប្រកាសលេខឆ្នោត និងមានពេល ៦០ ថ្ងៃ ដើម្បីធ្វើការសម្រេចចិត្តថា ទទួលប្រាក់មួយលើក ឬទទួលជាចំណែកតូចៗក្នុងរយៈពេល ២៩ ឆ្នាំ៕