សេចក្ដីសង្ខេបស្ដីពីកញ្ចប់ថវិកាសម្រាប់ឆ្នាំ ២០២៣ របស់ ប្រទេសហូឡង់ បានឱ្យដឹងថា រាជរដ្ឋាភិបាលប្រទេសនេះនឹងចំណាយជាង ១៧ ពាន់លានអឺរ៉ូ ដើម្បីជួយដល់ប្រជាជននៅឆ្នាំក្រោយ។
រាជរដ្ឋាភិបាលហូឡង់ កាលពីថ្ងៃទី ២០ កញ្ញា បានប្រកាសអំពីកញ្ចប់ជំនួយដ៏ធំ «មិនធ្លាប់មាន» ឡើងដល់ ១៧.២ ពាន់លានអឺរ៉ូ ដើម្បីជួយសម្រាលទុក្ខរបស់ប្រជាពលរដ្ឋដែលកំពុងប្រឈមមុខនឹងបញ្ហាថាមពល ក៏ដូចជាបញ្ហាអតិផរណាខ្ពស់ខ្លាំងដោយសារតែសង្គ្រាមនៅ អ៊ុយក្រែន។
មហាក្សត្រ Willem-Alexander របស់ ប្រទេសហូឡង់ បានប្រកាសអំពីកញ្ចប់ជំនួយខាងលើនៅពេលទ្រង់យាងបើកសម័យប្រជុំសភានៅ La Hay។
មហាក្សត្រ Willem-Alexander បានអះអាងថា «ផលវិបាកផ្ទាល់ដែលកើតឡើងដោយសារសង្គ្រាមនៅ អ៊ុយក្រែន និងទណ្ឌកម្មអន្តរជាតិសំដៅលើ រុស្ស៊ី គឺឧស្ម័ន អគ្គិសនី និងស្បៀងអាហារបានប្រែជាឡើងថ្លៃខ្ពស់»។
សេចក្ដីសង្ខេបស្ដីពីកញ្ចប់ថវិកាសម្រាប់ឆ្នាំ ២០២៣ របស់ ប្រទេសហូឡង់ បានឱ្យដឹងថា រាជរដ្ឋាភិបាលប្រទេសនេះនឹងចំណាយជាង ១៧.២ ពាន់លានអឺរ៉ូ ដើម្បីជួយដល់ប្រជាជននៅឆ្នាំក្រោយ និង ៤.៩ ពាន់លានអឺរ៉ូទៀតនៅឆ្នាំបន្តបន្ទាប់។
យោងតាមការិយាល័យស្ថិតិជាតិរបស់ ហូឡង់ (CBS) អតិផរណានៅប្រទេសនេះក្នុងខែសីហា គឺ ១២% ខ្ពស់ជាង ៣ ភាគរយធៀបនឹងកម្រិតមធ្យមរបស់ សហភាពអឺរ៉ុប (EU) និងជាកម្រិតខ្ពស់បំផុតនៅ ហូឡង់ រាប់ចាប់ពីទសវត្សរ៍ឆ្នាំ ១៩៧០។
CBS បានឱ្យដឹងថា តម្លៃថាមពលបានកើនឡើង ១៧០% និងតម្លៃអគ្គិសនីកើន ១៤៩% នៅក្នុងខែសីហាកន្លងទៅ។ ដើម្បីទប់ទល់នឹងបញ្ហានេះ រាជរដ្ឋាភិបាលហូឡង់ បានប្រកាសថានឹងកំណត់តម្លៃពិតានចំពោះឧស្ម័ន និងអគ្គិសនី ចាប់ពីថ្ងៃទី ០១ មករា ២០២៣៕