តាមការគណនា មនុស្សប្រហែលពី ៨,០០០ ទៅ ១០,០០០ នាក់នៅទីក្រុង New York សហរដ្ឋអាម៉េរិក កំពុងរកប្រាក់ចិញ្ចឹមជីវិត ចិញ្ចឹមគ្រួសារ និងបង់ថ្លៃសាលាឱ្យកូនរៀននៅមហាវិទ្យាល័យ ដោយការរើសសម្បកកំប៉ុង។
នៅជ្រុងមួយនៃផ្លូវ Riverside Drive និង West 89th Street អ្នកធ្វើដំណើរតាមដងផ្លូវអាចមើលឃើញថង់ប្លាស្ទិកផ្ទុកពេញទៅដោយសម្បកកំប៉ុង សម្បកដបជ័រដែលគេប្រើប្រាស់រួច។
សារព័ត៌មាន New York Times បានឱ្យដឹងថា ថ្វីបើថង់ដាក់សម្បកកំប៉ុងទាំងនេះមើលទៅដូចសំរាម ប៉ុន្តែចំពោះក្រុមប្រជាពលរដ្ឋនៅតំបន់ Queens នេះគឺជាប្រភពចំណូលចម្បងរបស់ពួកគេ។
ថង់ប្លាស្ទិកធំមួយអាចផ្ទុកសម្បកកំប៉ុងបានប្រហែល ២០០ ក្នុងនោះ សម្បកកំប៉ុង ១ មានតម្លៃខ្ទង់ ៥ សេនអាម៉េរិក (ប្រហែល ២០០ រៀល) នៅពេលទៅលក់ឱ្យមជ្ឈមណ្ឌលកែច្នៃ Elmsford (New York)។ ការងារនេះត្រូវមានការអត់ធ្មត់ រើសសន្សំម្ដង ១ កំប៉ុងៗ ប៉ុន្តែ វានាំមកនូវប្រាក់ចំណូលសំខាន់សម្រាប់គ្រួសារក្រីក្រនៅក្នុងទីក្រុងនេះ។
នៅក្នុងថ្ងៃណាដែលសំណាងបំផុត អ្នករើសសម្បកកំប៉ុងអាចប្រមូលបានខ្ទង់ ១០០ ថង់ ដែលនេះស្មើនឹងទឹកប្រាក់ ១,០០០ ដុល្លារ។
លោក Ryan Castalia នាយកប្រតិបត្តិរបស់មជ្ឈមណ្ឌលប្ដូរអំណោយ Sure We Can ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញ បានគណនាឃើញថា មនុស្សប្រហែលពី ៨,០០០ ទៅ ១០,០០០ នាក់នៅ New York កំពុងរកប្រាក់តាមរយៈការរើសសម្បកកំប៉ុង សម្បកដបជ័រ។
លោក Ray del Carmen រស់នៅក្នុងតំបន់ Brooklyn និងធ្លាប់ដើររើសសម្បកកំប៉ុង ហើយបច្ចុប្បន្នជាអ្នកគ្រប់គ្រងមួយរូបនៅ Sure We Can បានឱ្យដឹងថា ក្រុមអ្នករើសសម្បកកំប៉ុងដឹងយ៉ាងច្បាស់ថា តែងតែមានថ្ងៃសំណាង ថ្ងៃដែលរកបានសម្បកកំប៉ុងច្រើនបំផុត ពិសេសគឺនៅក្នុងរដូវបុណ្យធំៗ។
ថ្ងៃបុណ្យ «គ្រប់គ្នាឆាប់ចាប់ផ្ដើមផឹកស្រាបៀ។ ពីម៉ោង ១៤ រហូតដល់ម៉ោង ៤ ទៀបភ្លឺថ្ងៃស្អែក ខ្ញុំគ្រាន់តែដើរពីរង្គសាលមួយទៅរង្គសាលមួយនៅកណ្ដាលក្រុង 45 ក៏អាចរកប្រាក់បាន ៨០០ ដុល្លារដោយងាយ» Ray del Carmen បានប្រាប់អ្នកយកព័ត៌មានដូច្នេះ៕