(សហរដ្ឋអាម៉េរិក)-ឧបករណ៍មួយក្នុងចំណោមឧបករណ៍សំខាន់ៗដែលជួយដល់ការឆ្លុះមើលក្នុងកម្រិតរលកពន្លឺអ៊ីនហ្វ្រារេដ របស់តេឡេស្កុបអវកាស James Webb មិនអាចដំណើរការបានដូចធម្មតា។
តេឡេស្កុបជំនាន់ថ្មីនេះកំពុងតែផ្ញើរូបភាពវិទ្យាសាស្ត្រស្ដីពីពិភពនានានៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ កាឡាក់ស៊ី និងភពនៅខាងក្នុងប្រព័ន្ធព្រះអាទិត្យរបស់មនុស្ស។ បញ្ហានៅលើឧបករណ៍អ៊ីនហ្វ្រារ៉េដកណ្ដាល (MIRI) នឹងប៉ះពាល់ដល់ល្បឿននៃដំណើរការរបស់ Webb ដោយវាមិនអាចធ្វើការប្រកប់ដោយជំនាញ។ នេះបើតាមសារព័ត៌មាន Cnet ចេញផ្សាយកាលពីថ្ងៃទី ២០ កញ្ញា។
MIRI បំពាក់កាមេរ៉ាមួយគ្រឿង និងឧបករណ៍វាស់ស្ទង់ (spectrometer) កម្រិតពន្លឺ ដែលត្រូវបានរចនាឡើងដើម្បីសង្កេតអវកាសក្នុងរលកអ៊ីហ្វ្រារ៉េដដែលភ្នែកមនុស្សមិនអាចមើលឃើញ។ MIRI មានជំនាញក្នុងការតាមដានតំបន់កកើតផ្កាយនៅក្នុងកាឡាក់ស៊ីនានា។
MIRI ប្រើប្រាស់ ៤ របប ឬទម្រង់នៅក្នុងការសង្កេតអវកាស។ កាលពីថ្ងៃទី ២៤ សីហា រចនាសម្ព័ន្ធមួយដែលជួយដល់ទម្រង់ទាំង ៤ នេះ គឺម៉ាស៊ីនវាស់ស្ទង់ពន្លឺដែលមានគុណភាពបង្ហាញកម្រិតមធ្យម (MRS) មានសញ្ញាបង្ហាញថា ការកកិតមានការកើនឡើងនៅក្នុងពេលដំឡើងដើម្បីធ្វើការសង្កេត នេះបើតាមណាសា។
គ្រឿងម៉ាស៊ីនដែលជួបបញ្ហានេះ ត្រូវបានប្រើប្រាស់ដើម្បីជ្រើសរើសរលកពន្លឺផ្សេងៗគ្នា នៅពេល Webb សង្កេតនៅក្នុងទម្រង់ MRS។ ក្រុមវិស្វករបានបើកការវាយតម្លៃកាលពីថ្ងៃទី ០៦ កញ្ញា ដើម្បីពិនិត្យមើលបញ្ហា និងរកវិធីដោះស្រាយ។
ណាសា បានសង្កត់ធ្ងន់ថា តេឡេស្កុប James Webb នៅតែដំណើរការល្អ ហើយរបប ឬទម្រង់សម្រាប់សង្កេតទាំង ៣ ដែលនៅសល់របស់ MIRI កំពុងដំណើរការធម្មតា។
តេឡេស្កុបនេះ កន្លងមកក៏ធ្លាប់ជួបបញ្ហាម្ដងហើយ នៅពេលត្រូវអាចម៍ផ្កាយល្អិត ១ គ្រាប់ហោះមកបុកកញ្ចក់របស់វា៕