ទ្រព្យសម្បត្តិរបស់ម្ចាស់ Facebook បានថយចុះអស់ជាងពាក់កណ្ដាលចាប់ពីដើមឆ្នាំ ដែលនេះគឺជាតួលេខខ្ពស់ជាងគេបង្អស់ក្នុងបញ្ជីមហាសេដ្ឋីពិភពលោករបស់ Bloomberg។
បើទោះជាឆ្នាំនេះគឺជាឆ្នាំដែលលំបាកចំពោះមហាសេដ្ឋីគ្រប់រូបនៅក្នុងវិស័យបច្ចេកវិទ្យានៅ សហរដ្ឋអាម៉េរិក ប៉ុន្តែ ការធ្លាក់ចុះនៃទ្រព្យសម្បត្តិរបស់ Mark Zuckerberg ដែលជា CEO របស់ Meta Platforms (ក្រុមហ៊ុនមេរបស់ Facebook) នៅតែគួរឱ្យយកចិត្តទុកដាក់ជាងគេ។ ជាសរុប តាំងពីដើមឆ្នាំរហូតដល់បច្ចុប្បន្ន ម្ចាស់ Facebook បាត់បង់ទ្រព្យអស់ ៧១ ពាន់លានដុល្លារ។
បច្ចុប្បន្ន Zuckerberg នៅសល់ទ្រព្យ ៥៥.៩ ពាន់លានដុល្លារ ឈរលំដាប់ទី ២០ ក្នុងពិភពលោក។ នេះគឺជាចំណាត់ថ្នាក់ទាបបំផុតរបស់ម្ចាស់ Facebook គិតចាប់ពីឆ្នាំ ២០១៤។
ភាគហ៊ុន Facebook បានថយចុះជិត ៥៧% ក្នុងឆ្នាំនេះ។ ការថយចុះនេះខ្ពស់ជាងឆ្ងាយធៀបនឹង Apple (ថយចុះ ១៤%), Amazon (-២៦%) និង Alphabet (-29%)។
ទ្រព្យសម្បត្តិភាគច្រើនរបស់ Zuckerberg គឺផ្សារភ្ជាប់ជាមួយនឹងភាគហ៊ុន Meta។ បច្ចុប្បន្នគាត់កាន់កាប់ជាង ៣៥០ លានហ៊ុននៅក្នុងក្រុមហ៊ុននេះ។
កាលពីជិត ២ ឆ្នាំមុន Zuckerberg មានទ្រព្យ ១០៦ ពាន់លានដុល្លារ និងជាមហាសេដ្ឋីលំដាប់ទី ៣ ក្នុងពិភពលោក។ ទ្រព្យរបស់គាត់បានឡើងដល់ ១៤២ ពាន់លានដុល្លារអាម៉េរិក កាលពីខែកញ្ញាឆ្នាំកន្លង នៅពេលតម្លៃភាគហ៊ុនរបស់ Meta ឡើងដល់ ៣៨២ ដុល្លារ/ហ៊ុន។ តម្លៃនេះកាលពីម្សិលមិញ នៅសល់តែ ១៤៨ ដុល្លារ។
Laura Martin ដែលជាអ្នកវិភាគ Internet ប្រចាំក្រុមហ៊ុន Needham & Co យល់ថា ការវិនិយោគទៅលើ metaverse (ចក្រវាលនិម្មិត) បានទាញក្រុមហ៊ុន Meta ឱ្យធ្លាក់ចុះ។ Zuckerberg ធ្លាប់បាននិយាយថា គម្រោងនេះអាចត្រូវការប្រាក់ច្រើនក្នុងរយៈពេលពី ៣ ទៅ ៥ ឆ្នាំទៀត។ Martin និយាយថា Meta កំពុងខំប្រឹងដើម្បីអូសទាញអ្នកប្រើប្រាស់ពី TikTok ត្រលប់មកវិញ។ ជាងនេះ Meta ក៏ត្រូវរងសម្ពាធខ្លាំងពីការដែលប្រទេសជាច្រើនរឹតបន្តឹងលើ Facebook៕