ឡានហោះ H1 ប្រើពេលប្រហែល ២០ នាទី ដើម្បីបញ្ចូលថាមពលថ្មពី ២០% ឡើងដល់ ៨០% និងហោះបានជិត ១០០ គីឡូម៉ែត្រ ដោយដឹកមនុស្ស ២ នាក់។
ក្រុមហ៊ុនអាកាសចរណ៍ Doroni មានទីស្នាក់ការនៅ Miami សហរដ្ឋអាម៉េរិក ចាប់ផ្ដើមទទួលការបញ្ជាទិញជាមុនសម្រាប់ឡានហោះឯកជន H1 នេះបើតាម Interesting Engineering ចុះផ្សាយកាលពីថ្ងៃទី ១៩ កញ្ញា។
ក្នុងគ្រាដែលបណ្ដាក្រុមហ៊ុនផលិតយានយន្តអគ្គិសនីហោះហើរ និងចុះចតត្រង់ភាគច្រើនកំណត់គោលដៅទីផ្សារតាក់ស៊ីហោះនៅក្នុងទីក្រុង ក្រុមហ៊ុន Doroni ឯណេះវិញមានបំណងវាយលុកទីផ្សារផ្សេងពីនេះ។ ក្រុមហ៊ុននេះឆ្ពោះទៅរកអ្នកបើកបរឯកជន និងអះអាងថា H1 ងាយស្រួលប្រើប្រាស់ជាង បើធៀបនឹងឧទ្ធម្ភាគចក្រ ឬយន្តហោះធម្មតា។ គ្រប់គ្នាឱ្យតែមានប័ណ្ណបើកបរធម្មតាគឺអាចប្រើប្រាស់ H1 ក្រោយពីបានបញ្ចប់វគ្គហ្វឹកហាត់ប្រហែល ២០ ម៉ោង។
H1 គឺជាឡានហោះ ២ កៅអី មានកង់ មានប្រព័ន្ធស្លាបចំនួន ២ និងមានស្លាបកង្ហារធំៗ អាចដឹកទម្ងន់ ២២៧ គីឡូក្រាម។ អ្នកប្រើប្រាស់អាចបើកបរ H1 ចូលទៅក្នុងស្ថានីយបញ្ចូលថាមពលធម្មតា។ ជាមួយនឹងមុខងារបញ្ចូលថាមពលរហ័ស H1 ចំណាយពេលតែ ២០ នាទីប៉ុណ្ណោះ គឺអាចបន្ថែមថាមពលពី ២០% ឡើងដល់ ៨០% នេះបើតាម Doron Merdinger នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Doroni។
ល្បឿនអតិបរមារបស់ H1 នឹងឡើងដល់ ២២៥ គីឡូម៉ែត្រ/ម៉ោង និងអាចហោះបានចម្ងាយជិត ១០០ គីឡូម៉ែត្រ។ H1 ក៏មានបំពាក់ឆត្រយោងមួយដើម្បីធានាសុវត្ថិភាព។
ក្រុមហ៊ុន Doroni បានបង្ហាញប្រព័ន្ធនានារបស់ H1 នៅក្នុងពិព័រណ៍អាកាសចរណ៍ Experimental Aircraft Association (EAA) AirVenture នៅឯព្រលានយន្តហោះក្នុងតំបន់ Wisconsin សហរដ្ឋអាម៉េរិក កាលពីខែកក្កដា។
Doroni នឹងចាប់ផ្ដើមប្រគល់ទំនិញនៅត្រីមាសចុងក្រោយនៃឆ្នាំ ២០២៤។ ក្រុមហ៊ុននេះទទួលការបញ្ជាទិញមុនតែ ៣៦ គ្រឿងប៉ុណ្ណោះ។ តាមការគណនា នៅពេលបង្ហាញខ្លួនជាផ្លូវការ ឡានហោះនេះអាចនឹងមានតម្លៃ ១៥០,០០០ ដុល្លារអាម៉េរិក៕