រដ្ឋាភិបាលឡាវ ទើបតែបានសម្រេចអនុញ្ញាតឱ្យក្រុមហ៊ុនចិន Jiangsu Hengtong Construction Engineering Co., Ltd អនុវត្តគម្រោងសិក្សាអំពីលទ្ធភាពនៃការស្ថាបនាផ្លូវដែកប្រវែង ២២០ គីឡូម៉ែត្រ ពីខេត្ត Savannakhet របស់ ឡាវ ទៅកាន់ព្រំដែនជាប់នឹងតំបន់ Lao Bao នៃខេត្ត Quang Tri របស់ វៀតណាម។
លោក Sonesack Nhansana អគ្គនាយករងនៃអគ្គនាយកដ្ឋានផ្លូវដែកឡាវ បានឱ្យដឹងថា បើសិនជាគម្រោងស្ថាបនាត្រូវបានអនុម័ត ផ្លូវដែកនេះនឹងត្រូវចំណាយប្រាក់ប្រហែល ៥ ពាន់លានដុល្លារអាម៉េរិក។
ចំណែកការសិក្សាអំពីគម្រោងផ្លូវដែកនេះវិញ នឹងត្រូវចំណាយពេល ២ ឆ្នាំ ហើយការស្ថាបនានឹងស៊ីពេលអស់ប្រហែល ៣ ឆ្នាំ។
ក្រុមហ៊ុនចិនខាងលើក៏បានស្នើសុំ រដ្ឋាភិបាលឡាវ ធ្វើសម្បទានដីសម្រាប់ការសាងសង់ស្ថានីយរថភ្លើងធំៗចំនួន ៤ កន្លែង និងស្ថានីយតូចៗ ៧ កន្លែង នៅតាមបណ្ដោយផ្លូវដែក លើផ្ទៃដីសរុប ៤,១០០ ហិកតា។