មុខងារជួយដល់ការបើកបរកម្រិតខ្ពស់របស់ XPeng Motors ចុងក្រោយក៏ត្រូវបានបំពាក់នៅលើរថយន្តអគ្គិសនីមួយចំនួននៅ ប្រទេសចិន។
ក្រុមហ៊ុន XPeng ថ្ងៃនេះបានប្រកាសថា មុខងារបើកបរស្វ័យប្រវត្តក្នុងទីក្រុង (City NGP) របស់ខ្លួន ត្រូវបានដំណើរការក្នុងទ្រង់ទ្រាយសាកល្បងនៅក្នុងទីក្រុង Guangzhou ជាទីដែល XPeng ដាក់ទីស្នាក់ការកណ្ដាល។ ប្រការនេះបានជួយឱ្យ XPeng ក្លាយជាក្រុមហ៊ុនផលិតរថយន្តរបស់ ចិន ដំបូងដែលបង្ហាញប្រព័ន្ធជំនួយការបើកបរកម្រិតខ្ពស់ (ADAS)។
XPeng ឱ្យដឹងថា ម្ចាស់រថយន្តអគ្គិសនី XPeng P5 មួយចំនួននៅ Guangzhou បច្ចុប្បន្នអាចប្រើប្រាស់មុខងារ City NGP តាមរយៈកំណែបច្ចុប្បន្នភាព OTA។
លោក He Xiaopeng ដែលជាប្រធាន និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្តចិន XPeng បាននិយាយថា «យើងជឿថា បទពិសោធន៍នៃការប្រើប្រាស់ដែលត្រូវបានលើកកម្ពស់របស់ City NGP នឹងជំរុញដំណើរការប្ដូរផ្លាស់ទម្លាប់បើកបរទៅរកយុគសម័យស្វ័យប្រវត្ត និងការបើកបរស្វ័យប្រវត្តិក្នុងពេលអនាគត»។
City NGP គឺជាមុខងារ ADAS ដូចទៅនឹងមុខងារបើកបរស្វ័យប្រវត្តទាំងស្រុង (Full Self-Driving – FSD) របស់ Tesla ដែលអនុញ្ញាតឱ្យរថយន្តអនុវត្តគ្រប់តួនាទីរបស់អ្នកបើកបរនៅពេលវាត្រូវបានបើកដំណើរការ និងទីតាំងជាគោលដៅដែលត្រូវបានម្ចាស់រថយន្តកំណត់៕