Skip to content

ក្រុមហ៊ុន Gogoro ផ្គត់ផ្គង់​បណ្ដាញ​ស្ថានីយ​ប្ដូរ​ថ្ម​ផ្ទុក​ថាមពល​សម្រាប់​ម៉ូតូ​អគ្គិសនី​នៅ សិង្ហ​បុរី

ប្រទេស​សិង្ហ​បុរី គឺជា​ប្រទេស​ទី​ពីរ​ហើយ​ដែល​សហការ​ជាមួយនឹង​ក្រុមហ៊ុន​ផលិត​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី Gogoro របស់ តៃវ៉ាន់។

កាលពី​ថ្ងៃទី ០២ កញ្ញា ២០២២ ក្រុមហ៊ុន Gogoro បានប្រកាសថា ពួកគេ​នឹង​ដំឡើង​ស្ថានីយ​ប្ដូរ​ថ្ម​ផ្ទុក​ថាមពល​របស់ខ្លួន​នៅ សិង្ហ​បុរី។ ចំណែក​នាយកដ្ឋាន​ចរាចរណ៍​ផ្លូវគោក​របស់ សិង្ហ​បុរី ក៏​ទើបតែ​បានផ្ដល់​វិញ្ញាបនបត្រ​ដើម្បី​អនុញ្ញាតឱ្យ Gogoro ដំឡើង​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ផ្ដល់​សេវា​ប្ដូរ​ថ្ម​យានយន្ត​នៅ សិង្ហ​បុរី។

Gogoro ប្រកាសថា កំពុង​សហការ​ជាមួយ​ក្រុមហ៊ុន Jardine Cycle & Carriage ក្នុង​តំបន់ ដើម្បី​ធ្វើ​កិច្ចការ​ខាងលើនេះ។ Jardine Cycle & Carriage គឺជា​ក្រុមហ៊ុន​លំដាប់​កំពូល​ដែល​វិនិយោគ​រយៈពេល​យូរ​ទៅលើ​បណ្ដា​អាជីវកម្ម​នានា​ដែល​នាំមុខគេ​នៅ​ពាសពេញ​អាស៊ីអាគ្នេយ៍។ បច្ចុប្បន្ន Jardine Cycle & Carriage មាន​វត្តមាន​នៅក្នុង​ប្រទេស​សិង្ហ​បុរី មី​យ៉ាន​ម៉ា ថៃ ម៉ាឡេស៊ី វៀតណាម និង ឥណ្ឌូណេស៊ី។

បច្ចុប្បន្ន Jardine Cycle & Carriage ក៏​ជា​អ្នក​ចែកចាយ​ផ្ដាច់មុខ​ម៉ូតូ​អគ្គិសនី Gogoro នៅក្នុង​ទីផ្សារ​មួយចំនួន​ផងដែរ។ ពួកគេ​នឹង​ដំឡើង ដំណើរការ និង​គ្រប់គ្រង​ស្ថានីយ​ប្ដូរ​ថ្ម Gogoro ដើម្បី​ផ្ដល់​ថាមពល​សម្រាប់​ម៉ូតូ​លេខ​ស្វ័យប្រវត្ត​អគ្គិសនី​ដែល​ពួកគេ​លក់។

អាជីវកម្ម​ខាងលើ​ទាក់ទង​នឹង​ផែនការ​បៃតង​របស់ សិង្ហ​បុរី សម្រាប់​ឆ្នាំ ២០៣០ (Singapore Green Plan 2030 – SGP 2030) ក្នុងនោះ​ក៏មាន​ការកំណត់​គោលដៅ​ច្បាស់លាស់​មួយចំនួន​សម្រាប់​កម្មវិធី​នានា​ដែល​ត្រូវ​ដោះស្រាយ ក្នុង​បំណង​បង្កើន​ស្ថិរភាព​របស់​បរិស្ថាន និង​ការ​បន្សា​ន​កាបូន។

SGP 2030 ក៏បាន​ប្រកាសថា សិង្ហ​បុរី កំពុង​កំណត់​គោលដៅ​ដាក់ឱ្យ​ដំណើរការ​ស្ថានីយ​បញ្ចូល​ថាមពល​អគ្គិសនី​ចំនួន ៦០,០០០ កន្លែង នៅ​ឆ្នាំ ២០៣០ ដោយ​ចែកជា ៤០,០០០ ទីតាំង​នៅក្នុង​ចំណតរថយន្ត​សាធារណៈ និង ២០,០០០ ទីតាំង​នៅក្នុង​គម្រោង​នានា​របស់​វិស័យ​ឯកជន៕

Leave a Reply

Your email address will not be published. Required fields are marked *