Skip to content

ត្រឹម​រយៈពេល1ខែ ផាកពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់​បាន​ជាង 25ម៉ឺន​ដុល្លារ

ភ្នំពេញ៖ ជា​រឿង​ដែល​នឹកស្មាន​មិន​ដល់ ខណៈដែល​ក្រសួង​បាន​បញ្ចេញ​របាយការណ៍​ផាកពិន័យ​រថយន្ត​ដឹក​លើស​ទម្ងន់​នៅ​ទូទាំងប្រទេស គ្រាន់តែ​រយៈពេល​មួយខែ​សោះ ផាក​រថយន្ត​ដឹក​លើស​ទម្ងន់​បាន​ហូត​ដល់​ជាង 1ពាន់​លាន​រៀល (ប្រមាណ​ជា 25ម៉ឺន​ដុល្លារ​អាមេរិក)។

បើ​តាមរយៈ​របាយការណ៍​ចុងក្រោយ របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា រយៈពេល​ពេញ​មួយខែ​កញ្ញា ឆ្នាំ2017 កន្លងទៅថ្មីៗនេះ លេខាធិការដ្ឋាន​របស់​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​ដឹកនាំ​ការត្រួតពិនិត្យ​យានយន្ត ដឹកជញ្ជូន​លើស​កម្រិត​ទម្ងន់​កំណត់ ចាប់បាន​រថយន្ត​ដឹកទំនិញ​លើស​ទម្ងន់​កម្រិត​កំណត់ ចំនួន 642គ្រឿង និង​ពិន័យ​បាន​ថវិកា​សរុប​ចំនួន 1.070.508.000រៀល។

ចំនួន​រថយន្ត​ដែល​ចាប់បាន​ទាំងនេះ មានការ​កើនឡើង​ពី​ចំនួន 487គ្រឿង​កាលពី​ខែសីហា ឆ្នាំ2017 មក 642គ្រឿង (កើនឡើង 155 គ្រឿង) ក្នុង​ខែកញ្ញា ឆ្នាំ2017។ ក្នុងចំណោម​រថយន្ត​ដែល​ចាប់បាន​នោះ​ផ្ទុក​លើស​ទម្ងន់​ចាប់ពី 4តោន រហូតដល់ 23តោន​ដែល​រថយន្ត​ទាំងនេះ​ជា​កត្តា​ធំជាងគេ​បង្អស់​ក្នុងចំណោម​កត្តាផ្សេងៗទៀត​ដែល​ធ្វើឱ្យ​ផ្លូវថ្នល់​ទទួលរង​នូវ​ការខូចខាត​ជា​បន្តបន្ទាប់។

ចំពោះ​ការផ្ទុក​លើស​ទម្ងន់​អតិបរមា​នៃ​ទម្ងន់​សរុប​អនុញ្ញាត​អតិបរមា​នៃ​យានយន្ត​ទាំងនោះ នឹងត្រូវ​ទទួល​ទណ្ឌកម្ម​ស្របតាម​មាត្រា 60 នៃ​ច្បាប់​ស្តីពី​ផ្លូវថ្នល់​ដូចខាងក្រោម៖

1.ការមិន​ចូល​ថ្លឹង​នៅ​ស្ថានីយ​ជញ្ជីង​តាមផ្លូវ ត្រូវ​ពិន័យ​អន្តរការណ៍​ជា​ប្រាក់​ចំនួន 500,000 (ប្រាំ​រយ​ពាន់​រៀល)។

  1. មិន​លើសពី5% ធ្វើការ​ព្រមាន​ជា​លាយលក្ខណ៍អក្សរ​ដោយ​មិន​ពិន័យ។
  2. លើសពី5% ទៅ10% ត្រូវ៖

ក.ពិន័យ​ជា​ប្រាក់​ចំនួន 100,000 ក្នុង​មួយ​តោន

ខ. រើ​ទំនិញ និង​ឃាត់​យានយន្ត​ទុក​ចំនួន10ថ្ងៃ

គ. ដក​ប័ណ្ណបើកបរ​ទុក​ចំនួន10ថ្ងៃ

  1. 4. លើសពី10% ទៅ 20% ត្រូវ៖

ក.ពិន័យ​ជា​ប្រាក់​ចំនួន 200,000រៀល​ក្នុង​មួយ​តោន

ខ.រើ​ទំនិញ​ចេញ និង​ឃាត់​យានយន្ត​ទុក​ចំនួន01ខែ

គ.ដក​ប័ណ្ណបើកបរ​ទុក​ចំនួន6ខែ។

  1. លើសពី20% ត្រូវ៖

ក.ពិន័យ​ជា​ប្រាក់​ចំនួន 300,000រៀល​ក្នុង​មួយ​តោន

ខ.រើ​ទំនិញ​ចេញ និង​ឃាត់​យានយន្ត​ទុក​ចំនួន01ឆ្នាំ

គ.ដក​ប័ណ្ណបើកបរ​ទុក​ចំនួន02 ឆ្នាំ

ក្នុងករណី​បទល្មើស​លើ​ការផ្ទុក​លើស​ទម្ងន់​អតិបរមា​ត្រូវធ្វើ​ការផាកពិន័យ​ទាំងពីរ​ករណី។ ហើយ​ក្នុងករណី​មិន​រាងចាល ត្រូវ​ពិន័យ​ទ្វេគុណ និង​បញ្ឈប់​អាជីវកម្ម​ដឹកជញ្ជូន​របស់​ក្រុមហ៊ុន​ចំនួន 1 ឆ្នាំ៕

Leave a Reply

Your email address will not be published. Required fields are marked *