ពីមួយឆ្នាំទៅមួយឆ្នាំ លទ្ធផលនៃការប្រឡងមធ្យមសិក្សាទុតិយភូមិបានបង្ហាញឱ្យឃើញនូវភាពប្លែកថ្មី និងកាន់តែប្រសើរឡើង តែខណៈពេលដូចគ្នានេះដែរ សិស្សក៏ចាប់ផ្តើមយកចិត្តទុកដាក់ក្នុងការស្វែងរកឯកសារ និងប្រភពចំណេះដឹងដែលមានប្រយោជន៍សម្រាប់ត្រៀមប្រឡងនៅឆ្នាំបន្ទាប់។
ជាដំណោះស្រាយ និងជាជំនួយសម្រាប់សិស្សឱ្យមានការត្រៀមបានល្អ ក្រសួងអប់រំ យុវជន និងកីឡា បានបង្កើតបណ្តាញព័ត៌មាន និងចែករំលែកឯកសារប្រកបដោយគុណតម្លៃជាច្រើននៅក្នុងបណ្តាញបច្ចេកវិទ្យាដែលសិស្សអាចទាញយកទៅប្រើប្រាស់តាមតម្រូវការជាក់ស្តែង។
ពាក់ព័ន្ធនឹងបញ្ហាបណ្តាញបច្ចេកវិទ្យានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ក្រោយពីការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅក្នុងឆ្នាំ2014 កន្លងមកនេះ ក្រសួងបានធ្វើការសង្ខេបមេរៀនមួយចំនួន ហើយបានផ្សព្វផ្សាយទៅតាមបណ្តាញសង្គម ក៏ដូចជាប្រព័ន្ធអ៊ីនធើណិត ដើម្បីជួយទៅដល់សិស្ស និងគ្រូក្នុងការពង្រឹងសមត្ថភាព។
ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងផងដែរថា ការសិក្សាតាមប្រព័ន្ធអនឡាញ អាចធ្វើឱ្យអ្នកសិក្សាចំណេញពេលវេលាច្រើន ព្រោះអ្នកសិក្សាមិនចាំបាច់ទៅអង្គុយរៀនដោយផ្ទាល់ជាមួយគ្រូគ្រប់ពេលនោះទេ។ តាមរយៈកម្មវិធីសិក្សាអនឡាញ យើងអាចផ្សព្វផ្សាយនូវកម្មវិធីសិក្សា និងឯកសារដល់សិស្សបានយ៉ាងទូលំទូលាយ មានប្រសិទ្ធភាព និងមានភាពងាយស្រួល។ យុវជនជាច្រើននៅកម្ពុជា បានចាប់ផ្តើមងាកមកប្រើប្រាស់បណ្តាញបច្ចេកវិទ្យាដើម្បីធ្វើការសិក្សាស្រាវជ្រាវលើឯកសារសំខាន់ៗដែលបម្រើដល់ការសិក្សារបស់ពួកគេ។
ដោយមើលឃើញនូវចរន្តវិជ្ជមានមួយនេះ សិស្សជាច្រើនចាប់ផ្តើមខិតជិតយ៉ាងស្និទ្ធជាមួយនឹងបណ្តាញបច្ចេកវិទ្យា ព្រោះកម្មវីធីនេះអាចជួយឱ្យពួកគេប្រមូលបានឯកសារល្អៗ និងជាគំរូមេរៀនសម្រាប់អនុវត្តសមត្ថភាពបានយ៉ាងច្រើន ដែលអាចធ្វើឱ្យពួកគេមានភាពកក់ក្តៅ និងអាចធ្វើឱ្យសិស្សមួយចំនួនទទួលបាននិទ្ទេសល្អថែមទៀតផង។
យុវជន លី ហ៊ាង ដែលជាសិស្សកំពុងត្រៀមចូលថ្នាក់ទី 12 បានប្រាប់ឱ្យដឹងថា ខ្លួនចាប់ផ្តើមប្រមូលឯកសារ និងតាមដានឯកសារដែលក្រសួងអប់រំ រួមទាំងអ្នកស្រាវជ្រាវជាច្រើនទៀតនៅក្នុងបណ្តាញអនឡាញ។ យុវជនរូបនេះបានថ្លែងផងដែរថា ខ្លួនអាចមានភាពកក់ក្តៅច្រើនជាមួយនឹងប្រភពឯកសារដែលមាននៅក្នុងដៃ ព្រោះថា ការប្រមូលឯកសារដើម្បីរំឭក និងអនុវត្តលំហាត់ជាក់ស្តែងនេះ អាចធ្វើឱ្យគាត់មានការត្រៀមខ្លួនបានល្អមុនពេលប្រឡងចូលមកដល់នៅចុងឆ្នាំក្រោយ៕