មហាសេដ្ឋី Gautam Adani បាន «យកឈ្នះ» លើលោក Bernard Arnault (ជនជាតិបារាំង) ក្លាយជាមហាសេដ្ឋីដែលមានទ្រព្យច្រើនជាងគេលំដាប់ទីពីរក្នុងពិភពលោក។
យោងតាមស្ថិតិរបស់ Forbes លោក Adani មានទ្រព្យសុទ្ធដែលមានតម្លៃ ១៥៤.៩ ពាន់លានដុល្លារអាម៉េរិក ច្រើនជាងលោក Arnault ដែលមាន ១៥៣.៤ ពាន់លានដុល្លារ។ មហាសេដ្ឋីឥណ្ឌារូបនេះរកស៊ីក្នុងវិស័យជាច្រើន តាំងពីហេដ្ឋារចនាសម្ព័ន្ធ ស៊ីម៉ង់ រហូតដល់ព្រលានយន្តហោះ។
ចំណាត់ថ្នាក់លេខ ២ របស់លោក Adani ក៏ជួយឱ្យលោកក្លាយជាជនជាតិអាស៊ីដំបូងគេដែលមានវត្តមាននៅក្នុង top 3 ស្ដីពីមហាសេដ្ឋីមានទ្រព្យច្រើនជាងគេលើលោក។ ក្នុងរយៈពេល ២ ឆ្នាំមកនេះ ទ្រព្យរបស់លោក Adani បានកើនឡើង ១៣ លើក។
ឆ្នាំ ១៩៨៨ លោក Adani បានបើកក្រុមហ៊ុន Adani Exports ដើម្បីដោះដូរទំនិញ។ ក្រោយមក លោកក៏បានបង្កើតកំពង់ផែ Mundra សម្រាប់បម្រើដល់ការនាំចេញ-នាំចុល។ ក្នុងរយៈពេល ១០ ឆ្នាំ ក្រុមហ៊ុននេះបានក្លាយជាក្រុមហ៊ុនធំជាងគេនៅក្នុងស្រុកដែលរកស៊ីក្នុងវិស័យធ្យូងថ្ម និងជាស្ថាប័នដែលមានប្រភពចំណូលពីបរទេសធំជាងគេរបស់ ឥណ្ឌា។
ស្ថិតិរបស់ Forbes បង្ហាញថា ក្នុងពេលថ្មីៗនេះ លោក Adani បានយកឈ្នះលើមហាសេដ្ឋី Jeff Bezos ម្ចាស់ក្រុមហ៊ុន Amazon និងកាន់កាប់តំណែងលេខ ២។ ក្រោយមក មហាសេដ្ឋីបារាំង លោក Bernard Arnault ក៏ដណ្ដើមបានតំណែងនេះ ប៉ុន្តែ លោក Adani យកមកវិញបានដោយប្រើពេលយ៉ាងខ្លី។ បច្ចុប្បន្ន មហាសេដ្ឋីឥណ្ឌា លោក Adani មានទ្រព្យច្រើនជាងគេលំដាប់ទីពីរក្នុងពិភពលោក ដោយឈរពីក្រោយមហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង លោក Elon Musk៕