ពិព័រណ៍អាស៊ាន-ចិន (CAEXPO) និងកិច្ចប្រជុំកំពូលស្ដីពីពាណិជ្ជកម្ម-វិនិយោគអាស៊ាន-ចិន (CABIS) លើកទី ១៩ ប្រារព្ធឡើងពីថ្ងៃទី ១៦ ដល់ ១៩ កញ្ញា នៅទីក្រុង Nanning ក្នុងតំបន់ស្វយ័តជនជាតិ Zhuang នៃខេត្ត Guangxi ប្រទេសចិន។
យោងតាមព័ត៌មានពីគណៈកម្មការរៀបចំកម្មវិធី ព្រឹត្តិការណ៍ពិព័រណ៍នេះមានការចូលរួមពីក្រុមហ៊ុនជាង ៣,៦០០ ស្ថាប័ន មកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ាន និង ប្រទេសចិន។ ក្នុងនោះ មាន ១,៦៥៣ ក្រុមហ៊ុន ចូលរួមដោយផ្ទាល់ និងជាង ២,០០០ ក្រុមហ៊ុន ចូលរួមពីចម្ងាយ តាមរយៈការផ្សាយផ្ទាល់លើបណ្ដាញអ៊ីនធើណិត។
តំណាងរបស់ ក្រសួងពាណិជ្ជកម្មចិន បានឱ្យដឹងថា ឆ្នាំនេះគឺជាឆ្នាំចាប់ផ្ដើមដំបូងសម្រាប់ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាង ប្រទេសចិន និង អាស៊ាន និងជាឆ្នាំដំបូងដែលចាប់ផ្ដើមអនុវត្តកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដើម្បីត្រៀមសម្រាប់ការស្ថាបនាកំណែ ៣.០ នៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន។
ពិព័រណ៍លើកនេះនឹងធ្វើឡើងក្រោមប្រធានបទ «ចែករំលែកឱកាសថ្មីពី RCEP, ជំរុញកំណែ ៣.០ នៃតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន», កែលំអការសន្ទនាថ្នាក់ខ្ពស់, លើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យនីមួយៗ, ជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យ ដើម្បីរួមចំណែកក្នុងការកសាងទំនាក់ទំនងជិតស្និទ្ធថែមទៀតរវាង ប្រទេសចិន និងបណ្ដាប្រទេសក្នុងតំបន់អាស៊ាន។
ក្នុងពិព័រណ៍នេះដែរ ក៏មានការរៀបចំតាំងបង្ហាញផលិតផលពិសេស និងលេចធ្លោរបស់បណ្ដាប្រទេសក្នុង សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និង RCEP។
ក្រៅពីទីតាំងពិព័រណ៍ថ្មីដូចជា រថយន្តអគ្គិសនី ទេសចរណ៍វប្បធម៌ និងពាណិជ្ជកម្មលើអ៊ីនធើណិតជាដើម ព្រឹត្តិការណ៍ពិព័រណ៍លើកនេះក៏មានការរៀបចំវេទិកាលំដាប់ខ្ពស់ចំនួន ២១ កន្លែង ដែលពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសារព័ត៌មាន ការប្រើប្រាស់ថាមពលអាតូមិកក្នុងគោលដៅសន្តិភាព។ល។