ប្រទេសថៃ កំពុងតែឆ្ពោះទៅរកគោលដៅក្លាយជាមជ្ឈមណ្ឌលតភ្ជាប់តំបន់អាស៊ីអាគ្នេយ៍ទាំងមូល ស្ដីពីការដឹកជញ្ជូនផ្លូវគោក ផ្លូវអាកាស និងផ្លូវសមុទ្រ។
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ Saksayam Chidchob បានថ្លែងដូចខាងលើនាថ្ងៃនេះនៅក្នុងពិធីបើកកិច្ចប្រជុំក្រុមបេសកកម្ម APEC ក្នុងវិស័យដឹកជញ្ជូន ដែលធ្វើឡើងនៅ រាជធានីបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី ១៥-១៦ កញ្ញា។
ដើម្បីឆ្ពោះទៅរកគោលដៅនេះ រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ បានឱ្យដឹងថា ប្រទេសនេះកំពុងតែដំណើរការគម្រោងជាច្រើន រួមមាន ច្រករបៀងសេដ្ឋកិច្ចខាងកើត (EEC), គម្រោងផ្លូវដែកល្បឿនលឿនតភ្ជាប់ព្រលានយន្តហោះ ៣ Don Mueang – Suvarnabhumi – Utapao, គម្រោងស្ដារ និងកែលំអព្រលានយន្តហោះ Utapao ជាដើម។ ប្រទេសថៃ ក៏កំពុងតែអនុវត្តគម្រោងផ្លូវដែកល្បឿនលឿនដែលតភ្ជាប់ផ្លូវដែកល្បឿនលឿងឡាវ-ចិន ផងដែរ។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃ ក៏មានផែនការស្ថាបនាស្ពានគោកដែលតភ្ជាប់សមុទ្រ Andaman និងឈូងសមុទ្រថៃ បង្កើតបានជាមជ្ឈមណ្ឌលដែលតភ្ជាប់មហាសមុទ្រឥណ្ឌា ជាមួយនឹងមហាសមុទ្រប៉ាស៊ីហ្វិក។ បច្ចុប្បន្ន អាជ្ញាធរកំពុងសិក្សាទីតាំងនៅក្នុងខេត្តចំនួន ២ គឺ Ranong និង Chumphon ហើយគ្រោងនឹងចាប់ផ្ដើមការសាងសង់នៅឆ្នាំ ២០៣០។
ក្រោមប្រធានបទ «ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព ឆ្លាតវៃ និងចីរភាព» ក្រុមមន្ត្រីនៅក្នុងវិស័យដឹកជញ្ជូនមកពី ២១ ប្រទេសដែលជាសមាជិករបស់ APEC នឹងផ្ដោតការពិភាក្សាលើវិធានការដើម្បីបង្កភាពងាយស្រួលសម្រាប់ការដោះដូរទំនិញ និងស្ដារការតភ្ជាប់ជាសកលក្នុងវិស័យដឹកជញ្ជូន និងទេសចរណ៍។
ទន្ទឹមនឹងនេះ ក្រុមប្រទេសជាសមាជិកក៏នឹងចែករំលែកបទពិសោធន៍ទាក់ទងនឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការដឹកជញ្ជូន និងបណ្ដាញផ្គត់ផ្គង់នៅក្នុងដំណាក់កាលក្រោយកូវីដ-១៩ផងដែរ៕