យោងតាមរបាយការណ៍ថ្មីបំផុតរបស់ក្រុមហ៊ុនប្រឹក្សាផ្នែកវិនិយោគ Henley & Partners ទីក្រុង New York គឺជាទីដែលមានបុគ្គលដែលមានតម្លៃទ្រព្យសម្បត្តិសុទ្ធខ្ពស់ជាងគេនៅលើពិភពលោក។
របាយការណ៍ខាងលើបានបង្ហាញថា មានសេដ្ឋីប្រហែល ៣៤៥,០០០ នាក់ កំពុងស្ថិតនៅក្នុងតំបន់ Big Apple (រហ័សនាមរបស់ទីក្រុង New York) ក្នុងនោះមាន ១៥,៤៧០ នាក់ មានទ្រព្យសម្បត្តិលើសពី ១០ លានដុល្លារ, ៧៣៧ នាក់មានទ្រព្យចាប់ពី ១០០ លានដុល្លារ រួមនឹងមហាសេដ្ឋីចំនួន ៥៩ នាក់។ New York ក៏ត្រូវបានចាត់ទុកថាជាទីក្រុងមានបំផុតក្នុងពិភពលោក ដោយយោងទៅលើគោលការណ៍ជាច្រើន។
យោងតាមរបាយការណ៍ ប្រហែល ៤% ក្នុងចំណោមប្រជាជនសរុប ៨.៣៨ លាននាក់របស់ New York មានទ្រព្យដែលអាចវិនិយោគ (អចលនទ្រព្យ សាច់ប្រាក់សុទ្ធ ឬភាគហ៊ុន) ដែលមានតម្លៃលើសពី ១ លានដុល្លារ។
តម្លៃទ្រព្យឯកជនសរុបដែលពលរដ្ឋនៅ New York កាន់កាប់ បច្ចុប្បន្នបានកើនលើសពី ៣ ទ្រីលាន (៣,០០០,០០០,០០០,០០០) ដុល្លារអាម៉េរិក។ តួលេខនេះគឺច្រើនជាងតម្លៃទ្រព្យសរុបដែលកាន់កាប់ដោយឯកជននៅក្នុងប្រទេសនានាដែលជាសមាជិករបស់ G20 (ក្រុមប្រទេសដែលមានឧស្សាហកម្មរីកច្រើនជាងគេក្នុងពិភពលោក)។
រាជធានីតូក្យូ (ជប៉ុន) ឈរលំដាប់ទី ២ ដោយមានមនុស្ស ៣០៤,៩០០ នាក់ មានទ្រព្យសម្បត្តិសុទ្ធខ្ពស់ ក្នុងនោះមាន សេដ្ឋី ៧,៣៥០ នាក់ មានទ្រព្យលើសពី ១០ លានដុល្លារអាម៉េរិក, ២៦៣ នាក់មានទ្រព្យច្រើនជាង ១០០ លានដុលលារ និង ១២ នាក់គឺជាមហាសេដ្ឋី។
តំបន់ឈូងសមុទ្រ San Francisco រួមទាំងជ្រលង Silicon (សហរដ្ឋអាម៉េរិក) ឈរលំដាប់ទី ៣ ដោយមាន ២៧៦,៤០០ នាក់ មានទ្រព្យច្រើន ក្នុងនោះ ១២,៨៩០ នាក់ មានទ្រព្យលើសពី ១០ លានដុល្លារ, ៦២៣ នាក់ មានទ្រព្យច្រើនជាង ១០០ លានដុល្លារ និង ៦២ នាក់គឺជាមហាសេដ្ឋី។
ក្នុង Top 10 នៃទីក្រុងមានបំផុតក្នុងពិភពលោក ក្រៅពី New York និងតំបន់ San Francisco សហរដ្ឋអាម៉េរិក ក៏នៅមាន Los Angeles (លេខ ៦), Chicago (លេខ ៧) និង Houston (លេខ ៨) ផងដែរ។
តារាងនៃបណ្ដាទីក្រុងដែលមានជាងគេបង្អស់ក្នុងពិភពលោក និងចំនួនបុគ្គលដែលមានទ្រព្យសុទ្ធច្រើនជាងគេ ដែលត្រូវបានវាយតម្លៃដោយ Henley & Partner ៖
១-New York របស់ សហរដ្ឋអាម៉េរិក (មានអ្នកមាន ៣៤៥,៦០០ នាក់)
២-Tokyo របស់ ជប៉ុន (៣០៤,៩០០ នាក់)
៣-តំបន់ San Francisco របស់ សហរដ្ឋអាម៉េរិក (២៧៦,៤០០ នាក់)
៤-London របស់ អង់គ្លេស (២៧២,៤០០ នាក់)
៥-Singapore របស់ សិង្ហបុរី (២៤៩,៨០០ នាក់)
៦-Los Angeles របស់ សហរដ្ឋអាម៉េរិក (១៩២,៤០០ នាក់)
៧-Chicago របស់ សហរដ្ឋអាម៉េរិក (១៦០,១០០ នាក់)
៨-Houston របស់ សហរដ្ឋអាម៉េរិក (១៣២,៦០០ នាក់)
៩-Beijing របស់ ប្រទេសចិន (១៣១,៥០០ នាក់)
១០-Shanghai របស់ ចិន (១៣០,១០០ នាក់)