អាម៉េរិក បញ្ចេញ​ប្រាក់ ៩០០ លាន​ដុល្លារ ដើម្បី​ដំឡើង​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី

សេត​វិមាន​បានឱ្យដឹងថា ប្រធានាធិបតី ចូ បៃ​ដិ​ន នឹងចូលរួម​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត Detroit និង​ប្រកាស​អនុម័ត​កញ្ចប់​ថវិកា​ជំនួយ ៩០០ លាន​ដុល្លារ​ដំបូង​ដើម្បី​សាងសង់​ស្ថានីយ​បញ្ចូល​ថាមពល​សម្រាប់​រថយន្ត​អគ្គិសនី​នៅក្នុង ៣៥ រដ្ឋ ដែល​ទុកដូចជា​មួយផ្នែក​នៃ​ច្បាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដែលមាន​តម្លៃ ១ ទ្រី​លាន​ដុល្លារ​អាម៉េរិក។

នៅក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​រថយន្ត Detroit លោក បៃ​ដិ​ន អាច​នឹង​និយាយ​អំពី​វឌ្ឍនភាព​នានា​ដែល​ទាក់ទង​នឹង​វិស័យ​យានយន្ត​អគ្គិសនី ក៏ដូចជា​គម្រោង​នានា​របស់​រដ្ឋាភិបាល​ក្នុងការ​លើកទឹកចិត្ត​ឱ្យមាន​ការប្រើប្រាស់​យានយន្ត​អគ្គិសនី​ឱ្យបាន​ទូលំទូលាយ​ជាង​បច្ចុប្បន្ន។

យោងតាម​លោក បៃ​ដិ​ន ទីផ្សារ​រថយន្ត​អគ្គិសនី​នៅ សហរដ្ឋ​អាម៉េរិក គ្រោង​នឹង​កើន​ពី ២៨.២៤ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២១ ឡើងដល់ ១៣៧.៤៣ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៨ ហើយ​រដ្ឋាភិបាល​ក៏​កំពុងតែ​ជំរុញ​តម្រូវការ​នោះ។ កាលពី​ខែធ្នូ ២០២១ លោក បៃ​ដិ​ន បាន​ចុះហត្ថលេខា​លើ​បទបញ្ជា​មួយ​ដែល​ណែ​នាំឱ្យ​អាជ្ញាធរ​ទិញ និង​ប្រើប្រាស់​តែ​រថយន្ត​អគ្គិសនី ឬ​រថយន្ត plug-in hybrid EV ចាប់ពី​ឆ្នាំ ២០២៧។

សេត​វិមាន​បានឱ្យដឹងថា កាលពី​ឆ្នាំ ២០២០ តួលេខ​នៃ​រថយន្ត​អគ្គិសនី​ដែល​ត្រូវបាន​ទិញដូរ​ក្នុង​ទឹកដី​អាម៉េរិក គឺមាន​ត្រឹមតែ ១% ប៉ុណ្ណោះ។ ក្នុង​ឆ្នាំ​ដំបូង​នៃ​អាណត្តិ​ប្រធានាធិបតី​របស់លោក បៃ​ដិ​ន ចំនួន​រថយន្ត​អគ្គិសនី​ដែល រដ្ឋាភិបាល​អាម៉េរិក បាន​ទិញ បាន​កើនឡើង​ទ្វេដង ហើយ​ក្នុង​ឆ្នាំសារពើពន្ធ ២០២២ អាជ្ញាធរ​អាម៉េរិក បាន​ទិញ​រថយន្ត​ច្រើនជាង​មុន​រហូតដល់ ៥ ដង។

ស្ថានីយបញ្ចូល​ថាមពល​សម្រាប់​យាន​យន្ត​អគ្គិសនី​មួយ​កន្លែង​នៅ​ក្នុង​រដ្ឋ California សហរដ្ឋ​អាម៉េរិក

រដ្ឋាភិបាល​អាម៉េរិក កំពុងតែ​ជួយ​ជំរុញ​ការ​ងាក​ទៅប្រើ​ប្រាស់​យានយន្ត​អគ្គិសនី។ ការផ្ដល់​ជំនួយ​សម្រាប់​ការសាងសង់​ស្ថានីយ​បញ្ចូល​ថាមពល​នឹង​ជួយ​ដោះស្រាយ​ឧបសគ្គ​មួយ​ដ៏​ធំ​ចំពោះ​ការជំរុញ​កំណើន​នៃ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី។

ច្បាប់​ស្ដីពី​ហេដ្ឋារចនាសម្ព័ន្ធ​ដែល ប្រធានាធិបតី បៃ​ដិ​ន បាន​ចុះហត្ថលេខា​កាលពី​ខែវិច្ឆិកា ២០២១ មានតម្លៃ ៧.៥ ពាន់​លាន​ដុល្លារ សម្រាប់​ប្រព័ន្ធ​បញ្ចូល​ថាមពល​យានយន្ត​អគ្គិសនី និង​បណ្ដា​មធ្យោបាយ​បញ្ចូល​ថាមពលជំនួស​ដទៃទៀត។ ៥ ពាន់​លាន​ដុល្លារ​ក្នុង​កញ្ចប់​ថវិកា ៧.៥ ពាន់​លាន​ដុល្លារ​នោះ ត្រូវបាន​ប្រគល់ឱ្យ​កម្មវិធី​រូបមន្ត​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​យានយន្ត​អគ្គិសនី​ជាតិ (NEVI)។

យោងតាម​កម្មវិធី NEVI រដ្ឋ​នានា​របស់ សហរដ្ឋ​អាម៉េរិក អាច​ទទួលបាន​កញ្ចប់​ជំនួយ​ពី​ស្ថាប័ន​គ្រប់គ្រង​ផ្លូវ​ល្បឿន​លឿន​របស់​រដ្ឋ (FHWA) រហូតដល់ ៨០% ធៀប​នឹង​តម្លៃ​របស់​គម្រោង​ដែលមាន​លក្ខខណ្ឌ​គ្រប់គ្រាន់៕

Leave a Comment