អាជ្ញាធរថៃ ចាប់ផ្ដើមផ្ដល់ទិដ្ឋាការស្នាក់នៅរយៈពេលយូរ (LTR) ចាប់ពីខែនេះ ដើម្បីបង្កើនការទាក់ទាញពលរដ្ឋបរទេសដែលជាអ្នកមានមកវិនិយោគ ក្នុងបំណងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ។
ប្រទេសថៃ ទទួលបានការចុះឈ្មោះស្នើសុំទិដ្ឋាការទៅតាមកម្មវិធីស្នាក់នៅក្នុងរយៈពេលយូរ (LTR) ពីប្រជាពលរដ្ឋបរទេសចំនួនប្រហែល ៤០០ នាក់ ក្នុងរយៈពេលតែ ១២ ថ្ងៃដំបូង បន្ទាប់ពីបានចាប់ផ្ដើមដំណើរការកម្មវិធី។ នេះបើយោងតាមលោក Narit Therdsteerasukdi អគ្គលេខាធិការរងនៃក្រុមប្រឹក្សាវិនិយោគថៃ។
លោក Narit បញ្ជាក់ថា ជនជាតិអាម៉េរិក មានចំនួន ២០% ក្នុងចំណោមពាក្យសុំទិដ្ឋាការ។ ចំណាត់ថ្នាក់លេខ ២ បានទៅលើ ជនជាតិចិន (១៥%) និងតាមពីក្រោយដោយ ជនជាតិអង់គ្លេស (១០%)។
ប្រទេសថៃ ចាប់ផ្ដើមផ្ដល់ទិដ្ឋាការស្នាក់នៅរយៈពេលយូរចាប់ពីខែនេះ ដើម្បីបង្កើនការទាក់ទាញជនជាតិបរទេសដែលជាអ្នកមាន មកវិនិយោគនៅ ប្រទេសថៃ ក្នុងបំណងលើកស្ទួយសេដ្ឋកិច្ចជាតិ។ កម្មវិធី LTR កំណត់គោលដៅទាក់ទាញអ្នកមានទ្រព្យច្រើន និងអ្នកមានជំនាញការងារខ្ពស់ពីបរទេសឱ្យបាន ១ លាននាក់ក្នុងរង្វង់ ៥ ឆ្នាំខាងមុខ ដែលនេះនឹងរួមចំណែក ១ ទ្រីលានបាត (២៧ ពាន់លានដុល្លារអាម៉េរិក) ដល់សេដ្ឋកិច្ចប្រទេសនេះ។
ក្រុមពលរដ្ឋបរទេសជាគោលដៅរបស់ LTR ត្រូវបានបែងចែកជា ៤ ប្រភេទ រួមមាន ពលរដ្ឋអ្នកមានទ្រព្យច្រើន, អ្នកចូលនិវត្តន៍មានទ្រព្យច្រើន, អ្នកឯកទេសបរទេសដែលធ្វើការនៅ ប្រទេសថៃ និងអ្នកឯកទេសបរទេសដែលមានជំនាញខ្ពស់។
លក្ខខណ្ឌពិសេសមួយចំនួនត្រូវបានអនុវត្តសម្រាប់បេក្ខភាពដែលស្នើសុំទិដ្ឋាការ LTR ក្នុងនោះមានដូចជា ពលរដ្ឋបរទេសដែលវិនិយោគយ៉ាងតិចកន្លះលានដុល្លារនៅ ប្រទេសថៃ ឬមានទ្រព្យចាប់ពី ១ លានដុល្លារអាម៉េរិក និង ពលរដ្ឋបរទេសដែលធ្វើការនៅប្រទេសថៃ ត្រូវមានបទពិសេសន៍យ៉ាងតិច ៥ ឆ្នាំ ក្នុងវិស័យដែលខ្លួនកំពុងធ្វើការ។ល។
កម្មវិធីខាងលើអនុញ្ញាតឱ្យអ្នកមានទិដ្ឋាការ LTR អាចសុំពន្យារពេលលើការស្នាក់នៅរហូតដល់ ១០ ឆ្នាំ រួមនឹងសិទ្ធិពិសេសជាច្រើនផ្សេងទៀត។
ក្នុងចំណោមមនុស្សប្រហែល ៤០០ នាក់ដំបូងដែលបានចុះឈ្មោះសុំទិដ្ឋាការ LTR មាន ៤០% ជាអ្នកចូលនិវត្តន៍ដែលមានទ្រព្យច្រើន, ៣០% ជាអ្នកឯកទេសធ្វើការនៅ ប្រទេសថៃ។ ក្រៅពីនេះគឺជាពលរដ្ឋអ្នកមាន និងអ្នកឯកទេសមានជំនាញខ្ពស់៕