ឯកសារផ្ទៃក្នុងរបស់ ក្រសួងហិរញ្ញវត្ថុរុស្ស៊ី បានឱ្យដឹងថា វិស័យនេះបាន «ខាតបង់ផ្ទាល់» អស់រាបរយពាន់លានដុល្លារអាម៉េរិក ព្រោះតែទណ្ឌកម្មដែលដាក់ចេញដោយបណ្ដាប្រទេសនៅលោកខាងលិច។
ការប៉ាន់ប្រមាណនេះរួមបញ្ចូលទាំងការខាតបង់នៅក្នុងទីផ្សារមូលបត្រ ដែលទុនរបស់បណ្ដាធនាគារ ក៏ដូចជាប្រាក់ ៣០០ ពាន់លានដុល្លារនៃទុនបម្រុងរូបិយប័ណ្ណបរទេស ត្រូវបានបង្កកនៅខាងក្រៅស្រុក។ តួលេខនេះត្រូវបានលើកឡើងនៅក្នុងបទបង្ហាញនៅឯកិច្ចប្រជុំកំពូលរបស់មេដឹកនាំរុស្ស៊ី កាលពីខែកន្លង។ នេះបើតាមប្រភពព័ត៌មានរបស់ Bloomberg។
បទបង្ហាញនេះបានបរិយាយអំពីការខូចខាតចំពោះហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុ។ នោះគឺ ៨០% នៃទ្រព្យសម្បត្តិក្នុងវិស័យធនាគារ ស្ថិតក្នុងក្របខណ្ឌនៃទណ្ឌកម្ម។ រុស្ស៊ី ក៏ត្រូវបានលុបចេញពីប្រព័ន្ធទូទាត់សកល SWIFT និងមិនបានប្រើប្រាស់កម្មវិធីកុំព្យូទ័រ និងឧបករណ៍បច្ចេកវិទ្យាចាំបាច់នានា។ បណ្ដាឧករណ៍ដូចជា និស្សន្ទ (Derivative), មូលនិធិការពារហានិភ័យ, បូលបត្របំណុលដែលបោះលក់ជារូបិយបណ្ណបរទេស និង IPO ជាដើម ហាក់បានបាត់ខ្លួនទាំងស្រុង។
ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ខាងលើនេះ មិនបានបញ្ចេញតួលេខសរុបស្ដីពីការខាតបង់ដោយសារទណ្ឌកម្មរបស់លោកខាងលិច ក៏ដូចជាមិនបានលើកឡើងអំពីផលប៉ះពាល់រួមទៅលើសេដ្ឋកិច្ចរបស់ រុស្ស៊ី។
ក៏ប៉ុន្តែ ក្នុងកម្មវិធីទូរទស្សន៍មួយកាលពីដើមសប្ដាហ៍នេះ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានថ្លែងថា «រុស្ស៊ី មានភាពជឿជាក់ក្នុងការទប់ទល់បានជាមួយនឹងសម្ពាធពីខាងក្រៅ» ហើយថា សេដ្ឋកិច្ច «កំពុងតែមានស្ថិរភាព ឆ្ពោះទៅកាន់គន្លងនៃការរីកចម្រើន»៕