តម្លៃមាសអាចនឹងត្រូវបានជួញដូរក្នុងរង្វង់ ១,៦៩០ ទៅ ១,៧០០ ដុល្លារ/អោន ក្នុងរយៈពេលខ្លី នៅពេលដែលប្រាក់ដុល្លារអាម៉េរិក អាចត្រូវបានជូញដូរក្នុងតម្លៃខ្ពស់ថ្មី ក្នុងគ្រា រតនាគារជាតិអាម៉េរិក (Fed) រឹតបន្តឹងហិរញ្ញវត្ថុនៅសប្ដាហ៍ក្រោយ។
តម្លៃមាសពិភពលោកបានធ្លាក់ចុះជាង ១% ក្នុងការជួញដូរកាលពីម្សិលមិញ ក្នុងគ្រាដែលប្រាក់ដុល្លារអាម៉េរិក ឡើងថ្លៃជាថ្មី បន្ទាប់ពីសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ក្នុងខែសីហា ២០២២ របស់ សហរដ្ឋអាម៉េរិក កើនឡើងភ្លាមៗ ធ្វើឱ្យប្រាកដប្រជាចំពោះព័ត៌មានចចាមអារ៉ាមដែលថា ធនាគារកណ្ដាលអាម៉េរិក នឹងមានភាពសកម្មក្នុងការដំឡើងការប្រាក់។
នៅវេលាទៀបភ្លឺថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០២២ (ពេលវេលានៅ កម្ពុជា) តម្លៃមាសប្រគល់ភ្លាមបានធ្លាក់ចុះ ១.២% មកនៅត្រឹម ១,៧០៣.៨០ ដុល្លារ/អោន។ តម្លៃមាសប្រគល់តាមកាលកំណត់ថយចុះ ១.៣% មកនៅត្រឹម ១,៧១៧.៤០ ដុល្លារ/អោន (១ អោន (ounce) = ៨.២៩៤២៦ ជី)។
មូលហេតុដែលនាំឱ្យមាសធ្លាក់ថ្លៃគឺមកពីសន្ទស្សន៍ថ្លៃទំនិញប្រើប្រាស់ (CPI) របស់ សហរដ្ឋអាម៉េរិក ខ្ពស់ជាងការគ្រោងទុក បណ្ដាលឱ្យដំណឹងចចាមអារ៉ាមស្ដីពីអត្រាការប្រាក់ ៧៥ ពិន្ទុ មានភាពប្រាកដប្រជាដែលថានឹងកើតឡើង។ ប្រាក់ដុល្លារអាម៉េរិក កំពុងឡើងថ្លៃ ក៏អាចបន្តដាក់សម្ពាធដល់តម្លៃមាសផងដែរ នេះបើតាម Tai Wong មកពីក្រុមហ៊ុនជួញដូរលោហធាតុមានតម្លៃ Heraeus Precious Metals នៅ សហរដ្ឋអាម៉េរិក។
លោក Tai Wong ព្យាករថា មាសអាចត្រូវបានជួញដូរក្នុងរង្វង់ពី ១,៦៩០ ទៅ ១,៧០០ ដុល្លារអាម៉េរិក/អោន ក្នុងរយៈពេលខ្លី គ្រាដែលប្រាក់ដុល្លារអាម៉េរិក អាចត្រូវបានជូញដូរក្នុងតម្លៃខ្ពស់ថ្មី នៅពេល រតនាគារជាតិអាម៉េរិក (Fed) នឹងរឹតបន្តឹងហិរញ្ញវត្ថុនៅសប្ដាហ៍ក្រោយ។
បើទោះជាត្រូវបានចាត់ទុកថាជារនាំងសម្រាប់ទប់ទល់នឹងអតិផរណា ប៉ុន្តែ ការប្រាក់ដែលកាន់តែកើនឡើងខ្ពស់ ធ្វើឱ្យការចំណាយលើឱកាសកាន់កាប់មាស កាន់តែកើនឡើងខ្ពស់ទៅតាមនោះ៕