បណ្ដាកសិដ្ឋានចិញ្ចឹមជ្រូកបច្ចេកវិទ្យាខ្ពស់គឺជាទីចាប់កំណើតរបស់ពូជជ្រូកថ្មីដែលមានភាពលេចធ្លោខ្លាំង អាចឆ្លើយតបតាមតម្រូវការរបស់ទីផ្សារចិន។
ក្នុងរយៈពេល ២ ខែបន្តបន្ទាប់មកនេះ ការដែលប្រភពផ្គត់ផ្គង់មានកំណត់ បាន និងកំពុងរុញច្រានតម្លៃសាច់ជ្រូកនៅ ប្រទេសចិន កើនឡើងខ្ពស់។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលចិន បានសម្រេចបញ្ចេញសាច់ជ្រូកពីឃ្លាំងយុទ្ធសាស្ត្រជាលើកដំបូងក្នុងឆ្នាំ ២០២២ នេះ។
ក៏ប៉ុន្តែ គន្លឹះសំខាន់ និងស្ថិរភាពដើម្បីធានាសន្តិសុខអាហារ បែរជាស្ថិតនៅក្នុងបណ្ដាកសិដ្ឋានចិញ្ចឹមសត្វជ្រូកបច្ចេកវិទ្យាខ្ពស់។ ទីនេះគឺជាកន្លែងចាប់កំណើតរបស់ពូជជ្រូកថ្មីដែលមានភាពលេចធ្លោខ្លាំង អាចឆ្លើយតបតាមតម្រូវការរបស់ទីផ្សារចិន ដែលមានប្រជាជនជាង ១ ពាន់លាននាក់។
រូបភាពខាងក្រៅនៃបណ្ដាកសិដ្ឋានចិញ្ចឹមជ្រូកបច្ចេកវិទ្យាខ្ពស់នៅតំបន់ស្វយ័តម៉ុងហ្គោលីខាងក្នុង នៃប្រទេសចិន គឺដូចទៅនឹងកសិដ្ឋានធម្មតាដទៃ។ ប៉ុន្តែ នេះគឺជាកសិដ្ឋានមួយក្នុងចំណោម ១០០ កសិដ្ឋានដែលចូលរួមក្នុងការពិសោធកែលំអគុណភាពជ្រូកពូជ តាមរយៈការតាមដានតំណពូជរបស់ជ្រូកសម្រាប់ការបង្កាត់ពូជរបស់ ប្រទេសចិន។ គោលដៅនៃការពិសោធគឺដើម្បីបង្កើតបានពូជជ្រូកប្រភេទធំ ត្រូវការអាហារតិច និងធំធាត់លឿន។ ទាំងនេះគឺជាកត្តាសំខាន់បំផុតដែលនឹងធ្វើឱ្យមានការប្រែប្រួលក្នុងប្រទេសចិន ដែលផលិតជ្រូកជិត ៧០០ លានក្បាលជារៀងរាល់ឆ្នាំ។
«កន្លងមក ជ្រូកពូជរបស់ ប្រទេសចិន ភាគច្រើនសុទ្ធតែត្រូវបាននាំចូលពីបរទេស។ ជាធម្មតា ប្រហែល ៣ ឆ្នាំ គឺជ្រូកពូជដែលនាំចូលនឹងត្រូវបាត់បង់ភាពដើម និងមិនមានការរីកច្រើនណាមួយ។ យើងបានរកឃើញបញ្ហានេះ ហើយផ្ដល់អាទិភាពខ្ពស់ដើម្បីដោះស្រាយកង្វះជ្រូកពូជគុណភាពខ្ពស់» អ្នកស្រី Hao Wenjie ប្រធានក្រុមពូជសត្វចិញ្ចឹម នៃក្រុមហ៊ុន BGG របស់ ប្រទេសចិន បានឱ្យដឹងដូច្នេះ។
ក្រុមអ្នកវិទ្យាសាស្ត្រនឹងសិក្សាអំពីសំណាកជាលិការបស់ត្រចៀក កាត់ចេញពីសត្វជ្រូកដែលទើបកើតបានប៉ុន្មានម៉ោង។ ទិន្នន័យស្ដីពីតំណពូជត្រូវបានគេរំពឹងថា នឹងជួយឱ្យអ្នកវិទ្យាសាស្ត្រអាចជ្រើសរើសកូនជ្រូកពូជដែលមានសុខភាពល្អ និងផ្ដល់ទិន្នផលខ្ពស់បំផុត។ ប្រការនេះក៏នឹងរួមចំណែកដោះស្រាយបញ្ហាចំណាយខ្ពស់ក្នុងការចិញ្ចឹមជ្រូកនៅ ប្រទេសចិន។ ការចំណាយលើការចិញ្ចឹមកូនជ្រូកនៅ ប្រទេសចិន ខ្ពស់ជាងប្រមាណ ២.៥ ដង ធៀបនឹងនៅ សហរដ្ឋអាម៉េរិក ដោយសារចំណីជ្រូកដែលនាំចូលពីបរទេសមានតម្លៃថ្លៃ និងមានហានិភ័យឆ្លងជំងឺខ្ពស់។
«គោលដៅរបស់យើងគឺកាត់បន្ថយការចំណាយលើការផលិតសាច់ជ្រូក។ អ្នកអាចធ្វើបានប្រការនោះដោយការបង្កើនអត្រាផ្លាស់ប្ដូរចំណី និងបង្កើនបរិមាណនៃការចាប់កំណើតរបស់ជ្រូក» លោក Jan Merks អ្នកជំនាញផ្នែកតំណពូជសត្វចិញ្ចឹមរបស់ក្រុមហ៊ុន BGG បញ្ជាក់ដូច្នេះ។
បច្ចុប្បន្ន BGG កំពុងចិញ្ចឹមជ្រូកប្រហែល ៦,០០០ ក្បាល ក្នុងគោលដៅពង្រីកការចិញ្ចឹមជ្រូកដើម្បីឆ្លើយតបនឹងតម្រូវការ និងដោះស្រាយបញ្ហាកង្វះសាច់ជ្រូកនៅ ប្រទេសចិន។
តម្លៃសាច់ជ្រូករស់នៅ ប្រទេសចិន ក្នុងខែសីហា ២០២២ បានកើនជាង ២២%។ យោងតាមការព្យាករ នាពេលខាងមុខ តម្លៃសាច់ជ្រូកនឹងកើនឡើងបន្តទៀត ដោយសារប្រទេសនេះជិតឈានចូលដល់រដូវសម្រាកថ្ងៃបុណ្យឯករាជ្យដែលអូសបន្លាយពេញមួយសប្ដាហ៍ នៅដើមខែតុលា បណ្ដាលឱ្យតម្រូវការសាច់ជ្រូកកើនឡើងខ្ពស់៕