ខណៈការនាំចេញផលិតផលវាយនភ័ណ្ឌរបស់កម្ពុជានៅក្នុងឆ្នាំនេះមានការធ្លាក់ចុះ ធ្វើឱ្យសេដ្ឋកិច្ចទាំងមូលមានការថមថយមកនៅត្រឹម6.8% ដែលធ្វើឱ្យកម្ពុជាត្រូវប្រឹងប្រែងពង្រឹងលើផលិតឧស្សាហ៍កម្មដទៃសម្រាប់នាំចេញធ្វើយ៉ាងណាជួយទប់ទល់នូវការថមថយកំណើនសេដ្ឋកិច្ច។ ថ្មីៗកម្ពុជាបានទទួលដំណឹងល្អ ដោយសារតែអាមេរិក និងសហភាពអ៊ឺរ៉ុបនៅតែបន្តបើកទីផ្សាររបស់ខ្លួនដល់កម្ពុជា និងបង្កើនការបញ្ជាទិញទំនិញពីកម្ពុជា។
ក្នុងជំនួបរវាងឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាមួយ ឯកឧត្តម William A. Heidt ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា និងឯកឧត្តម George Edgar ឯកអគ្គរដ្ឋទូតសហភាពអ៊ឺរ៉ុបប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ ឯកឧត្តមទាំងពីរបានបញ្ជាក់ថា សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុប នឹងមិនភ្ជាប់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការគោរពលក្ខខណ្ឌការងារ ទៅនឹងភាពតានតឹងផ្នែកផ្សេងទៀតឡើយ។ សហរដ្ឋអាមេរិក និងសហភាពអ៊ឺរ៉ុបនឹងបន្តបើកទីផ្សាររបស់ខ្លួនដល់កម្ពុជា និងបង្កើនការបញ្ជាទិញទំនិញពីកម្ពុជា។
ឯកឧត្ដមទាំងពីរបានសាទរដល់កម្ពុជា ដែលទើបសម្រេចបានប្រាក់ឈ្នួលអប្បបរមាឆ្នាំ2018 ចំនួន 170ដុល្លារ ប្រកបដោយរលូន និងកុងសង់ស៊ីសគ្នាពីគ្រប់ភាគីនាឆ្នាំនេះ។ ជាមួយគ្នានេះ ឯកឧត្តមទាំងពីរក៏បានលើកទឹកចិត្តឱ្យកម្ពុជាបន្តប្រកាន់ភ្ជាប់នូវយន្តការត្រីភាគី ការសន្ទនាសង្គម ការគោរពលក្ខខណ្ឌការងារ ការគោរពសិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ និងការដោះស្រាយបញ្ហាទំនាក់ទំនងវិជ្ជាជីវៈ និងវិវាទការងារឱ្យបានលឿន និងមានតម្លាភាព។
ជាការឆ្លើយតប ឯកឧត្តម អ៊ិត សំហេង ក៏បានថ្លែងអំណរគុណដល់ភាគីទាំងពីរដែលបានរួមចំណែកក្នុងការលើកកម្ពស់លក្ខខណ្ឌការងារនៅកម្ពុជា ព្រមទាំងធានាថា កម្ពុជានឹងបន្តគោលនយោបាយផ្សារភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ ដោយបន្តសហការជាមួយគម្រោងរោងចក្រកាន់តែប្រសើររបស់អង្គការអន្តរជាតិខាងការងារ (ILO-BFC) អង្គការ GIZ និងអង្គការអន្តរជាតិផ្សេងទៀតដែលចុះបញ្ជីត្រឹមត្រូវតាមច្បាប់កម្ពុជា៕