យោងតាមទិន្នន័យរបស់ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ គិតមកដល់ដំណាច់ខែសីហា ២០២២ ការនាំចេញផលិតផលសរុបរបស់ ប្រទេសឡាវ សម្រេចបាន ៤.៦៥ ពាន់លានដុល្លារអាម៉េរិក ចំណែកការនាំចូលសម្រេចបាន ៤.៣២ ពាន់លានដុល្លារអាម៉េរិក។
គិតត្រឹមដំណាច់ខែសីហា ២០២២ ការដោះដូរពាណិជ្ជកម្មសរុបរបស់ ឡាវ ជាមួយនឹងពិភពលោក សម្រេចបាន ៨.៩៧ ពាន់លានដុល្លារ ថយចុះបន្តិចធៀបនឹង ៨ ខែដើមឆ្នាំ ២០២១ (៩.០៧ ពាន់លានដុល្លារ)។ ក្នុងនោះ ការនាំចេញរបស់ ឡាវ សម្រេចបាន ៤.៦៥ ពាន់លានដុល្លារ ថយចុះ ៨.៨% (៥.១ ពាន់លានដុល្លារ) ខណៈដែលការនាំចូលសម្រេចបាន ៤.៣២ ពាន់លានដុល្លារ កើន ៩% (៣.៩៦ ពាន់លានដុល្លារ)។ ដូច្នេះ តុល្យភាពពាណិជ្ជកម្មរបស់ ឡាវ ត្រូវបានគណនាឃើញថា មានអតិរេកពាណិជ្ជកម្ម ៣៣០ លានដុល្លារអាម៉េរិក។
ដៃគូពាណិជ្ជកម្មដែលធំជាងគេបង្អស់របស់ ប្រទេសឡាវ នៅក្នុង ៨ ខែដើមឆ្នាំនេះគឺ ប្រទេសថៃ ដោយការដោះដូរទំនិញសរុបសម្រេចបាន ៣.២ ពាន់លានដុល្លារ ស្មើនឹង ៣៥.៧% បើធៀបជាមួយនឹងការនាំចេញ-នាំចូលសរុបរបស់ ឡាវ ជាមួយនឹងពិភពលោក។ ឈរលំដាប់លេខ ២ គឺ ប្រទេសចិន (២.៤៤ ពាន់លានដុល្លារ ស្មើនឹង ២៧.២%) ចំណែកលេខ ៣ គឺបានទៅលើ វៀតណាម។
មុខទំនិញនាំចេញសំខាន់ៗរបស់ ប្រទេសឡាវ រួមមានដូចជា អគ្គិសនី មាស ក្រដាស កៅស៊ូ និងកសិផល។ល។ ចំណែកមុខទំនិញនាំចូលសំខាន់ៗ មានដូចជា ប្រេងសាំង យានយន្ត និងគ្រឿងចក្រ។ល។