ក្រសួងហិរញ្ញវត្ថុវៀតណាម បានឱ្យដឹងថា នឹងមិនមានការពន្យារសុពលភាពលើការបន្ថយពន្ធប្រថាប់ត្រា ៥០% សម្រាប់រថយន្តដែលផលិត និងដំឡើងក្នុងប្រទេសនេះទៀតឡើយ។ ការបញ្ជាក់នេះត្រូវបានលើកឡើងបន្ទាប់ពីមានសំណើសុំពន្យារការអនុគ្រោះពន្ធប្រថាប់ត្រាក្នុងអត្រា ៥០% ឱ្យដល់ថ្ងៃទី ៣១ ធ្នូ ២០២២។
ក្នុងរយៈពេល ២ ឆ្នាំកន្លង កូវីដ-១៩ បានបង្កការលំបាកយ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុន រោងចក្រ និងពលករ នាំឱ្យការចំណាយនានាត្រូវបានរឹតបន្តឹង ធ្វើឱ្យតម្រូវការទិញរថយន្តត្រូវធ្លាក់ចុះយ៉ាងជ្រៅ។ ដើម្បីជួយដល់ក្រុមហ៊ុន រោងចក្រ ក្នុងបំណងជំរុញការប្រើប្រាស់ និងដើម្បីលើកកម្ពស់ប្រាក់ចំណូលជាតិ រដ្ឋាភិបាលវៀតណាម បានសម្រេចកាត់បន្ថយពន្ធប្រថាប់ត្រា ៥០% ដើម្បីជួយដល់វិស័យរថយន្ត។ សេចក្ដីសម្រេចនេះបានអស់សុពលភាពតាំងពីថ្ងៃទី ៣១ ឧសភា ២០២២។
ក្រោយសេចក្ដីសម្រេចខាងលើអស់សុពលភាព មតិ និងសំណើជាច្រើនក៏ត្រូវបានធ្វើឡើងដើម្បីស្នើសុំឱ្យមានការបន្តសុពលភាពលើការកាត់បន្ថយពន្ធប្រថាប់ត្រា ៥០% ឱ្យបានដល់ថ្ងៃទី ៣១ ធ្នូ ២០២២។
ក្រសួងហិរញ្ញវត្ថុវៀតណាម បានអះអាងថា គោលនយោបាយនេះមិនទាន់សមស្របនឹងស្ថានការណ៍ជាក់ស្ដែង។ ក្រសួងនេះយល់ថា ការអនុគ្រោះពន្ធខាងលើចំពោះរថយន្តដែលផលិត និងដំឡើងក្នុងស្រុក គឺជារឿងមិនគោរពទាំងស្រុងទៅតាមការកំណត់នៃក្របខណ្ឌ WTO, FTA និងវៀតណាម ហើយថា នឹងអាចធ្វើឱ្យមានការទាមទារការពន្យល់ពីបណ្ដាប្រទេសដែលមិនមានរោងចក្រផលិត ដំឡើងរថយន្តនៅប្រទេសនេះ។
ដោយយោងទៅតាមបទពិសោធន៍នៅលើពិភពលោក ក្រសួងហិរញ្ញវត្ថុវៀតណាម បានសម្រេចប្រកាសថា ការដែលនៅតែអនុគ្រោះពន្ធក្នុងគ្រាដែលជំងឺរាតត្បាតកូវីដ-១៩ ត្រូវបានគ្រប់គ្រង គឺជារឿងដែលមិនសមហេតុផល៕