ការដោះដូរទំនិញសរុបរបស់ កម្ពុជា ជាមួយនឹងអន្តរជាតិ សម្រេចបាន ៣៧.៤ ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២២ ក្នុងនោះមានកំណើន ២១.៥% បើធៀបនឹង ៨ ខែដើមឆ្នាំ ២០២១។
ក្នុងចំណោមដៃគូពាណិជ្ជកម្មសំខាន់ៗ ប្រទេសចិន នៅតែទីផ្សារធំបំផុតសម្រាប់ កម្ពុជា ខណៈដែលសហរដ្ឋអាមេរិក ឈរលំដាប់ទីពីរ និង វៀតណាម ថៃ និងសិង្ហបុរី ឈរលេខបន្តបន្ទាប់។ នេះបើតាម របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករចេញផ្សាយកាលពីថ្ងៃច័ន្ទ ទី ១២ កញ្ញា។
ផលិតផលសំខាន់ៗដែលកម្ពុជា នាំចេញទៅប្រទេសបរទេស រួមមានមានដូចជា សំលៀកបំពាក់ អង្ករ ដំឡូងមី ផលនេសាទ ចេក ស្វាយជាដើម។ ចំណែកផលិតផលដែល កម្ពុជា នាំចូលពីបរទេស មានដូចជាវត្ថុធាតុដើមសម្រាប់កាត់ដេរ ស្បែកជើង គ្រឿងចក្រ គ្រឿងអេឡិចត្រូនិច យានជំនិះ ថ្នាំពេទ្យ និងគ្រឿងឧបភោគបរិភោគ។ល។