Skip to content

រថយន្ត​អគ្គិសនី XPeng G9 បង្ហាញខ្លួន​ជា​ផ្លូវការ​នៅ ប្រទេស​ចិន នា​សប្ដាហ៍​ក្រោយ

ក្រុមហ៊ុន XPeng Motors នឹង​ចាប់ផ្ដើម​ដាក់លក់​ជា​ផ្លូវការ​នូវ​រថយន្ត SUV អគ្គិសនី​លំដាប់​ប្រណិត XPeng G9 ដែល​កំពុង​ត្រូវបាន​ទន្ទឹងរង់ចាំ នៅ​ចុងខែ​កញ្ញា​នេះ បន្ទាប់ពី​ត្រូវបាន​ប្រកាស​បង្ហាញ​​កាលពី​ខែវិច្ឆិកា​ឆ្នាំ​កន្លង។

យោងតាម​ព័ត៌មាន​ដែល​ត្រូវបាន​ផ្សាយ​លើ​ទំព័រ Weibo កាលពី​ថ្ងៃទី ០៩ កញ្ញា ២០២២ ក្រុមហ៊ុន XPeng ឱ្យដឹងថា នឹងមាន​ព្រឹត្តិការណ៍​បង្ហាញ G9 តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណិ​ត នៅ​ថ្ងៃទី ២១ កញ្ញា និង​អញ្ជើញ​ក្រុម​អ្នកមាន​ចំណាប់អារម្មណ៍​តាមដាន​តាមរយៈ​វីដេអូ។ បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​មិនទាន់​ប្រកាស​ជា​ផ្លូវការ​អំពី​ពេលវេលា​ជាក់លាក់​នៃ​ការចាប់ផ្ដើម និង​ផ្សាយ​នៅលើ​ថ្នាល​បច្ចេកវិទ្យា​ណាមួយ​នៅឡើយ។

XPeng G9 ត្រូវ​បានដាក់​បង្ហាញ​នៅក្នុង showroom របស់​ក្រុមហ៊ុន​នេះ នៅក្នុង ១៥ ទីក្រុងរបស់ ប្រទេស​ចិន ក្នុងនោះ​មាន ប៉េកាំង សៀង​ហៃ ក្វាង​ចូ​វ ហាង​ចូ​វ។ល។ ក្រៅពីនេះ ពួកគេ​មិនបាន​បង្ហើប​ឱ្យដឹង​ព័ត៌មាន​អ្វី​ទៀតឡើយ។

រថយន្ត​ខាងលើនេះ​នឹង​ក្លាយជា​រថយន្ត​អគ្គិសនី​របស់ ចិន ដំបូង​ដែល​ត្រូវបាន​ផលិតឡើង​​ក្រោម​​ថ្នាល SiC អគ្គិសនី​ថាមពល​ខ្ពស់ ៨00V និង​ប្រព័ន្ធ​គ្រប់​គ្រង​រថយន្ត​ដែល​ប្រើប្រាស់​ឈី​ប Nvidia DRIVE Orin។

កាលពី​ថ្ងៃទី ១១ សីហា XPeng បានប្រកាសថា រថយន្ត​អគ្គិសនី XPeng G9 ចំនួន ២២,៨១៩ គ្រឿង ត្រូវបាន​បញ្ជា​ទិញ​ជាមុន​នៅក្នុង​រយៈពេល​តែ ២៤ ម៉ោង បន្ទាប់ពី​ក្រុមហ៊ុន​បើកទទួល​ការបញ្ជាទិញ។

កាលពី​ថ្ងៃទី ១៥ សីហា ក្រុមហ៊ុន​ចិន​ខាងលើ​បានបង្ហាញ​បច្ចេកវិទ្យា​បញ្ចូល​ថាមពល​រហ័ស​របស់ខ្លួន។ XPeng G9 អាចធ្វើ​ដំណើរ​បាន ២០០ គីឡូម៉ែត្រ បន្ទាប់ពី​បាន​បញ្ចូល​ថាមពល​តែ ៥ នាទី ដោយ​ប្រើ​ប្រព័ន្ធ​បញ្ចូល​ថាមពល​ថ្មី​នេះ។ លទ្ធផល​នេះ​ត្រូវបាន XPeng បញ្ជាក់​តាមរយៈ​ការពិសោធ​ជាក់ស្ដែង​នៅពេលនោះ។

តម្លៃ​របស់ XPeng G9 មិនទាន់​ត្រូវបាន​បង្ហើប​ឱ្យដឹង​នៅឡើយ ប៉ុន្តែ យោងតាម​ការស្រាវជ្រាវ​មួយ​របស់​ក្រុម​អ្នកវិនិយោគ Tim Hsiao ប្រចាំនៅ​ធនាគារ​ Morgan Stanley បានឱ្យដឹងថា ពួកគេ​រំពឹងថា កំណែ​កំពូល​របស់ XPeng G9 នឹងមាន​តម្លៃ​ប្រហែល​ពី ៥២,០០០ ដល់ ៥៧,៧៥០ ដុល្លារ​អាម៉េរិក៕

Leave a Reply

Your email address will not be published. Required fields are marked *