Skip to content

ប្រេង​ធ្លាក់​ថ្លៃ​ចុះ​ទាប​ខ្លាំង ក្រោយពី​ការប្រែប្រួល​ពេញ​មួយ​សប្ដាហ៍

ដើម​សប្ដាហ៍​នេះ (១២ កញ្ញា) តម្លៃ​ប្រេង​ឆៅ WTI ប្រគល់​មាន​កាលកំណត់ បន្ត​ទិន្នាការ​ថយចុះ។ បច្ចុប្បន្ន ប្រេង​ឆៅ​ត្រូវបាន​ជួញដូរ​ក្នុងតម្លៃ​ក្រោម ៨៦ ដុល្លារ/ធុង បន្ទាប់ពី​បាន​ប្រែប្រួល​ពេញ​មួយ​សប្ដាហ៍។

តម្លៃ​ប្រេង WTI ប្រគល់​មាន​កាលកំណត់​នា​ព្រឹក​នេះ​បន្ត​ធ្លាក់​ពី​ចំណុច ៨៦ ដុល្លារ/ធុង ចុះមក​នៅក្នុង​រង្វង់ ៨៥.២ ដុល្លារ។ ប្រេង Brent ក៏បាន​ធ្លាក់​ថ្លៃ ដោយ​ត្រូវបាន​ជួញដូរ​ក្នុង​រង្វង់ ៩១.៥ ដុល្លារ ក្នុង ១ ធុង។

ប្រេង​ឆៅ​ទើបតែ​បាន​ឆ្លងកាត់​តម្លៃ​ដែលមាន​ការប្រែប្រួល​ខ្លាំង​កាលពី​សប្ដាហ៍​កន្លង ក្នុងនោះ តម្លៃ​ប្រេង Brent ធ្លាក់​ថ្លៃ ០.២% និង​ប្រេង WTI ធ្លាក់​ថ្លៃ ០.១%។

មូលហេតុ​ដែលនាំឱ្យ​ប្រេង​ឆៅ​ត្រូវ​ធ្លាក់​ថ្លៃ​បែបនេះ​គឺ​ដោយសារ​ការបារម្ភ​អំពី​ការថយចុះ​នៃ​តម្រូវការ​ប្រេងសាំង​របស់​ពិភពលោក ក្រោយពី​ធនាគារកណ្ដាលធំៗបន្ត​ដំឡើង​ការប្រាក់ និង​ស្ថានការណ៍​កូ​វីដ-១៩ នៅ ចិនដីគោក។ តម្លៃ​ប្រេង Brent បច្ចុប្បន្ន​បាន​ធ្លាក់ចុះ​ទាប​ខ្លាំង​បើ​ធៀប​នឹង ១៤០ ដុល្លារ/ធុង កាលពី​ខែមីនា និង​ធ្លាក់ចុះ​ទាប​បំផុត​រាប់​ចាប់ពី​ខែមករា។

ផ្ទុយទៅវិញ ការសម្រេច​កាត់បន្ថយ​បរិមាណ​ប្រេង​ឆៅ​ក្នុង​ខែតុលា​ខាងមុខ​របស់ OPEC+ (ក្រុម​ប្រទេស​នាំចេញ​ប្រេង​ឆៅ និង​ដៃគូ​សហការ) បូករួម​នឹង​ការដែល​ក្រុមហ៊ុន Gazprom របស់ រុស្ស៊ី បិទ​ប្រព័ន្ធ​បំពង់​បង្ហូរ​ឧស្ម័ន Nord Stream 1 និង​ភាព​តានតឹង​រវាង រុស្ស៊ី ជាមួយនឹង​លោកខាងលិច​នៅក្នុង​បញ្ហា​កំណត់​តម្លៃ​ពិតាន​របស់​ថាមពល នៅតែ​ជា​កត្តា​ដែល​ជួយ​ទប់​ការធ្លាក់​ថ្លៃ​ខ្លាំង​របស់​ប្រេង​ឆៅ​នាបច្ចុប្បន្ន៕

Leave a Reply

Your email address will not be published. Required fields are marked *