ក្រុមហ៊ុន Intel ទើបតែបានសម្ពោធបើកការដ្ឋានសាងសង់រោងចក្រផលិតឈីបអេឡិចត្រូនិចតម្លៃ ២០ ពាន់លានដុល្លារ នៅក្នុងរដ្ឋ Ohio សហរដ្ឋអាម៉េរិក។
សហរដ្ឋអាម៉េរិក កំពុងតែដោះស្រាយបញ្ហាដាច់ចង្វាក់ផ្គត់ផ្គង់ផលិតផល គ្រឿងបន្លាស់នានា ដោយសារតែកូវីដ-១៩ បញ្ហាប្រែប្រួលនៃទីផ្សារសេដ្ឋកិច្ច និងនយោបាយ។ ឈីបអេឡិចត្រូនិចត្រូវបានគេចាត់ទុកថាជាអាទិភាពដំបូងគេមួយនៅ សហរដ្ឋអាម៉េរិក។
ក្រុមហ៊ុន Intel ទើបតែបានសម្ពោធបើកការដ្ឋានសាងសង់រោងចក្រផលិតឈីបអេឡិចត្រូនិចតម្លៃ ២០ ពាន់លានដុល្លារ នៅលើផ្ទៃដីទំហំជាង ៤០០ ហិកតា ក្នុងរដ្ឋ Ohio សហរដ្ឋអាម៉េរិក។ បុគ្គលិកប្រមាណ ៣,០០០ នាក់នឹងធ្វើការក្នុងរោងចក្រនេះ ហើយផលិតផលរបស់វាគឺឈីបអេឡិចត្រូនិចជាដើម ដែលបម្រើដល់វិស័យអាកាសចរណ៍អវកាស កុំព្យូទ័រ រថយន្ត ឧបករណ៍វេជ្ជសាស្ត្រ ឬទូរស័ព្ទដៃ ទូទឹកកក និងម៉ាស៊ីនបោកគក់។ល។
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃដិន បានអះអាងថា ការផលិតឈីបអេឡិចត្រូនិក បច្ចុប្បន្នគឺជាបញ្ហាសន្តិសុខជាតិ។ លោក បៃដិន ថ្លែងថា «យើងត្រូវតែផលិតឈីបនៅទីនេះ ក្នុងទឹកដីអាម៉េរិក ដើម្បីបន្ថយការចំណាយលើការផលិត និងបង្កើតការងារបន្ថែម។ នោះគឺជាបញ្ហាសន្តិសុខសេដ្ឋកិច្ច និងជារឿងសន្តិសុខជាតិ»។
សហរដ្ឋអាម៉េរិក កំពុងតែប្រឹងប្រែងដើម្បីនាំយកវិស័យផលិតឈីបត្រលប់ចូលមកទឹកដីនេះវិញ ដើម្បីប្រកួតប្រជែងនឹង ប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង ឬ សហភាពអឺរ៉ុប ជាទីដែលកំពុងត្រូវបានវិនិយោគរាប់ពាន់លានដុល្លារដើម្បីទាក់ទាញអ្នកផលិតឈីប។ សហរដ្ឋអាម៉េរិក បានបញ្ចេញគោលនយោបាយផ្ដល់អត្ថប្រយោជន៍ដល់បណ្ដាក្រុមហ៊ុន រោងចក្រនៅ សហរដ្ឋអាម៉េរិក ក្នុងការប្រើប្រាស់គ្រឿងបន្លាស់ដែលផលិតនៅក្នុងទឹកដីនេះ។
ក្រុមហ៊ុនអន្តរជាតិដូចជា Toyota ឬ Honda ជាដើម ក៏កំពុងតែបន្តវិនិយោគ និងសាងសង់រោងចក្រជាច្រើនទៀតនៅ សហរដ្ឋអាម៉េរិក និងប្រើប្រាស់ឈីបដែលផលិតនៅក្នុងទឹកដីនេះ ដើម្បីទទួលបានអត្ថប្រយោជន៍ ការអនុគ្រោះនានា បន្ទាប់ពីបញ្ហាដាច់បណ្ដាញផ្គត់ផ្គង់កំពុងត្រូវបានដោះស្រាយជាបណ្ដើរ៕