ថ្មផ្ទុកថាមពលរបស់រថយន្តអគ្គិសនី មិនមែនជាឧបករណ៍មួយផ្ទាំងធំស្ថិតនៅក្នុង និងជាប់ជាមួយនឹងតួរថយន្តឡើយ ពោលគឺវានៅដាច់ដោយឡែក នាំឱ្យក្រុមអ្នកផលិតរថយន្តអគ្គិសនីជួបបញ្ហានៅពេលចង់ធ្វើឱ្យរថយន្តរត់បានឆ្ងាយជាងមុន និងនៅតែស្រាល។
រថយន្ត Tesla Model S ប្រើប្រាស់ថ្មប្រភេទគ្រាប់តូចដូចទៅនឹងថ្មពិល ហើយមានចំនួនតិចច្រើនអាស្រ័យលើប្រភេទរថយន្ត។ រថយន្តដែលធ្ងន់នឹងត្រូវបំពាក់ថ្មកាន់តែច្រើន។
រថយន្តអគ្គិសនីមួយគ្រឿងដែលបរបានឆ្ងាយគឺទាមទារឱ្យមានថ្មផ្ទុកថាមពលកាន់តែច្រើន ដូច្នេះទម្ងន់ថ្មទាំងនោះនឹងធ្វើឱ្យរថយន្តកាន់តែធ្ងន់ និងត្រូវការគ្រោងឆ្អឹង ប្រព័ន្ធគ្រឿងក្រោម និងកង់រឹងមាំ ហើយប្រការនេះក៏កាន់តែធ្វើឱ្យទម្ងន់របស់រថយន្តកើនឡើង ទាមទារឱ្យមានថ្មផ្ទុកថាមពលកាន់តែច្រើនបន្ថែមទៀតដើម្បីរត់បានឆ្ងាយជាងមុន។ បញ្ហានេះ ពិតជាពិបាកដោះស្រាយ ដោយសារជាវដ្ដមួយដែលបង្កបញ្ហាមិនចេះឈប់ទៅលើទម្ងន់របស់រថយន្តអគ្គិសនី។
ដើម្បីដោះស្រាយបញ្ហាខាងលើ បច្ចុប្បន្ន ក្រុមអ្នកផលិតរថយន្តអគ្គិសនី ក្នុងនោះមាន Tesla របស់ សហរដ្ឋអាម៉េរិក និង BYD របស់ ប្រទេសចិន ជាដើម កំពុងតែអភិវឌ្ឍរូបរាងរបស់ថ្មផ្ទុកថាមពលនេះឡើងវិញ ដើម្បីឱ្យវាក្លាយទៅជាផ្នែកមួយនៃគ្រោងឆ្អឹងរបស់រថយន្ត ដោយវាត្រូវដើរតួនាទីជាថ្មផ្ទុកថាមពលអគ្គិសនីផង និងជាគ្រោងឆ្អឹងដ៏រឹងមាំរបស់រថយន្តផង។
បើសិនជាធ្វើបានដូចខាងលើ រថយន្តអគ្គិសនីជំនាន់ក្រោយៗប្រាកដជាមានទម្ងន់កាន់តែស្រាល កាត់តែរឹងមាំ ហើយថ្មកាន់តែអាចផ្ទុកថាមពលអគ្គិសនីបានច្រើនជាងមុន អនុញ្ញាតឱ្យបើកបរបានរហូតដល់រាប់ពាន់គីឡូម៉ែត្រ បន្ទាប់ពីបានបញ្ចូលថាមពលពេញ៕