ប្រទេសថៃ ដែលជាអ្នកនាំចេញអង្ករធំជាងគេលំដាប់ទីពីរក្នុងពិភពលោក ថ្មីៗនេះបានបញ្ចេញកញ្ចប់ជំនួយសេដ្ឋកិច្ចតម្លៃជាង ៤ ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ការផលិតស្រូវ។
ទន្ទឹមនឹងកញ្ចប់ជំនួយខាងលើ អាជ្ញាធរថៃ ក៏កំពុងរកវិធីដើម្បីដំឡើងថ្លៃអង្ករនាំចេញ ក្នុងពេលដែលការចំណាយលើការដាំដុះស្រូវ បានកើនឡើងខ្ពស់ជិតទ្វេដង ធៀបនឹង ២ ឆ្នាំមុន។
ប្រភពព័ត៌មានឱ្យដឹងថា យោងតាមគណៈកម្មការគ្រប់គ្រង និងគោលនយោបាយជាតិស្ដីពីស្រូវអង្ករ កញ្ចប់ជំនួយតម្លៃជាង ៤ ពាន់លានដុល្លារខាងលើគឺសម្រាប់ជួយដល់គម្រោងធានាប្រាក់ចំណូលពីការលក់ស្រូវអង្កររបស់ពលរដ្ឋថៃប្រមាណ ៤.៦ លានគ្រួសារ នៅក្នុងរដូវធ្វើស្រែសំខាន់ក្នុងឆ្នាំ ២០២២-២០២៣។
គណៈកម្មការគ្រប់គ្រង និងគោលនយោបាយជាតិស្ដីពីស្រូវអង្កររបស់ ប្រទេសថៃ ក៏អនុម័តលើវិធានការជំនួយផ្សេងៗទៀតដើម្បីរក្សាតម្លៃអង្ករ ក្នុងនោះមានដូចជាការលើកទឹកចិត្តដល់កសិករ កុំឱ្យសម្រុកលក់ស្រូវលើទីផ្សារ និងការផ្ដល់ការប្រាក់ក្នុងអត្រា ៣% សម្រាប់ក្រុមហ៊ុន សហគ្រាសទាំងឡាយណាដែលយល់ព្រមរក្សាទុកអង្ករក្នុងឃ្លាំង ក្នុងគ្រាដែលប្រភពផ្គត់ផ្គង់លើទីផ្សារថយចុះ។
យោងតាមស្ថិតិ ក្នុងរយៈពេល ៧ ខែដើមឆ្នាំនេះ ប្រទេសថៃ បាននាំចេញអង្ករជិត ៤ លានតោន តម្លៃជាង ១.៩ ពាន់លានដុល្លារ ដោយបរិមាណស្រូវបានកើន ៥៨% ធៀបនឹង ៧ ខែដើមឆ្នាំ ២០២១ ប៉ុន្តែ ទំហំទឹកប្រាក់កើនឡើងតែប្រហែល ៣៤% ប៉ុណ្ណោះ។
អាជ្ញាធរថៃ បានឱ្យដឹងថា ការចំណាយលើការផលិតស្រូវបានកើនឡើងទ្វេដង ធៀបនឹង ២ ឆ្នាំមុន ដោយសារផលប៉ះពាល់ពីសង្គ្រាមនៅ អ៊ុយក្រែន និងបញ្ហាអាកាសធាតុ ដែលនាំឱ្យផលិតផលថែទាំការពារស្រូវមានតម្លៃខ្ពស់ ស្រូវផ្ដល់ទិន្នផលទាប ខណៈដែលតម្លៃស្រូវអង្ករលើទីផ្សារមិនឡើងប៉ុន្មាន។ ដូច្នេះ ប្រទេសថៃ នឹងដំឡើងថ្លៃអង្ករនាំចេញនាពេលខាងមុខ ដើម្បីឱ្យសមស្របជាមួយនឹងការចំណាយលើការដាំដុះ៕