ទឹកប្រាក់សរុបដែល អង់គ្លេស និង សហភាពអឺរ៉ុប (EU) គ្រោងនឹងបញ្ចេញដើម្បីជួយបង់ថ្លៃវិក្កយបត្រថាមពលខ្លះជូនប្រជាជន និងសហគ្រាស បានកើនឡើងដល់ជាង ៥០០ ពាន់លានដុល្លារអាម៉េរិក។
រដ្ឋាភិបាលអង់គ្លេស ទើបតែបានបញ្ជាក់អំពីផែនការផ្ដល់ជំនួយជាថ្លៃថាមពលសម្រាប់គ្រួសារ និងសហគ្រាសរបស់ប្រទេសនេះ ដើម្បីទប់ស្កាត់បញ្ហាឱនភាពសេដ្ឋកិច្ចនៅក្នុងរដូវរងាឆ្នាំនេះ។ សហគមន៍អ្នកវិភាគយល់ថា ផែនការខាងលើរបស់ អង់គ្លេស អាចឡើងដល់ ១៥០ ពាន់លានផោន (ប្រហែល ១៥០ ពាន់លានដុល្លារអាម៉េរិក)។
គិតជាសរុប កញ្ចប់ជំនួយផ្នែកថាមពល នៅទូទាំងអឺរ៉ុប (EU បូកនឹង អង់គ្លេស) បានឡើងដល់ជាង ៥០០ ពាន់លានអឺរ៉ូ (៥០០ ពាន់លានដុល្លារអាម៉េរិ) ទៅហើយ នេះបើតាម CNN។
ចាប់ពីខែតុលាខាងមុខ គ្រួសារដែលមានជីវភាពមធ្យមនៅ ប្រទេសអង់គ្លេសនឹងត្រូវចំណាយមិនលើសពី ២,៥០០ ផោន សម្រាប់វិក្កយបត្រថាមពលក្នុងរយៈពេល ២ ឆ្នាំខាងមុខ។ រដ្ឋាភិបាលអង់គ្លេស ក៏នឹងផ្ដល់ជំនួយដល់បណ្ដាក្រុមហ៊ុន សហគ្រាស និងអង្គការក្រៅរដ្ឋាភិបាល រួមនឹងស្ថាប័នសាធារណៈ នៅក្នុងអំឡុង ៦ ខែទៅមុខ ឬយូរជាងនេះ។
Salomon Fiedler អ្នកវិភាគប្រចាំធនាគារ Berenberg ឱ្យដឹងថា គិតដោយឡែក កញ្ចប់ជំនួយសម្រាប់គ្រួសារនៅ អង់គ្លេស គឺអាចឡើងដល់ ១០០ ពាន់លានផោន ពោលគឺជាង ៤% ធៀបនឹង GDP របស់ប្រទេសនេះ។
បច្ចុប្បន្ន ការចំណាយលើថាមពលជាមធ្យមប្រចាំរបស់គ្រួសារមួយនៅ អង់គ្លេស បានកើន ៥៤% ឡើងដល់ ១,៩៧១ ផោន។ បើសិនមិនមានកញ្ចប់ជំនួយ ខ្ទង់ចំណាយនៃនឹងឡើងដល់លើសពី ៣,៥០០ ផោន នៅក្នុងខែតុលា ហើយអាចខ្ពស់ជាងនេះនៅឆ្នាំបន្ទាប់។ ចំណែកក្រុមហ៊ុន សហគ្រាសជាច្រើននៅ អង់គ្លេស ក៏បានប្រកាសថា មិនអាចឆ្លងផុតរដូវរងានេះ។
«តម្លៃដែលត្រូវខាតដោយសារការមិនធ្វើសកម្មភាព នឹងមានទំហំធំជាងឆ្ងាយធៀបនឹងការចំណាយក្នុងការធ្វើអន្តរាគមន៍» រដ្ឋមន្ត្រីហិរញ្ញវត្ថុអង់គ្លេស Kwasi Kwarteng បានបញ្ជាក់ដូច្នេះ៕