(វៀតណាម)៖ ក្រសួងទេសចរណ៍កម្ពុជា សហការជាមួយ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកម្មវិធី «រាត្រីកម្ពុជាឆ្នាំ ២០២២ – Cambodia Night 2022» កាលពីយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ ២០២២ នៅក្នុងឱកាសពិព័រណ៍ទេសចរណ៍អន្តរជាតិ (ITE-HCMC 2022) នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ដើម្បីចូលរួមឃោសនាលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា។
«Cambodia Night» ត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងមានការចូលរួមពី រដ្ឋមន្ត្រីក្រសួងវប្បធម៌ កីឡា និងទេសចរណ៍វៀតណាម, រដ្ឋមន្ត្រីក្រសួងសណ្ឋាគារ និងទេសចរណ៍មីយ៉ាន់ម៉ា, អនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន វប្បធម៌ និងទេសចរណ៍ឡាវ, ប្រធានគណៈកម្មាធិការប្រជាជនក្រុងហូជីមិញ, មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ អគ្គកុងស៊ុល ស្ថានទូតនៃបណ្តាប្រទេសអាស៊ាន អ្នកលក់ អ្នកទិញ និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ផ្នែកឯកជនពាក់ព័ន្ធ សមាគមទេសចរណ៍ ក្រុមហ៊ុន ទីភ្នាក់ងារទេសចរណ៍កម្ពុជា និង វៀតណាម និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិប្រមាណជាង ៤០០ នាក់។ នេះបើតាម ក្រសួងទេសចរណ៍កម្ពុជា។
នាកម្មវិធីរាត្រីកម្ពុជានេះមានការសម្តែងសិល្បៈបុរាណ របាំសហសម័យ និងមានការចូលរួមពីតារាចម្រៀងល្បីៗ ក្រុមតារាបង្ហាញម៉ូដ រួមជាមួយការរៀបចំម្ហូបខ្មែរពីសមាគមចុងភៅដឹកនាំដោយលោក លូ ម៉េង សហប្រធានវិស័យឯកជនទេសចរណ៍កម្ពុជា និងជាម្ចាស់ភោជនីយដ្ឋានម្លិះជូនភ្ញៀវជាតិនិងអន្តរជាតិក្នុងឱកាសខួបលើកទី ១៦ នៃពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE នៅទីក្រុងហូជីមិញ។
រាត្រីកម្ពុជា ២០២២ ទទួលបានការសហការសម្របសម្រួលពីក្រសួងវប្បធម៌កីឡា និងទេសចរណ៍វៀតណាម ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំទីក្រុងហូជីមិញ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ និងរដ្ឋបាលជាតិទេសចរណ៍វៀតណាម (VNAT)។
ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា សង្ឃឹមថា «Cambodia Night» នឹងជាឱកាសដើម្បីផ្សព្វផ្សាយអំពីវិស័យទេសចរណ៍នៅ កម្ពុជា និងទាក់ទាញអ្នកវិនិយោគវៀតណាម និងទេសចរបរទេស ចូលវិនិយោគ ក៏ដូចជាទស្សនា កម្ពុជា កាន់តែច្រើន ពិសេសនៅក្នុងដំណាក់កាលនៃការស្ដារវិស័យទេសចរណ៍ឡើងវិញនេះ។ ទន្ទឹមនឹងនេះ «Cambodia Night» ក៏ជំរុញសកម្មភាពឃោសនា បង្កើនកិច្ចសហប្រតិបត្តិការរវាងសហគ្រិនកម្ពុជា និងមិត្តភក្ដិនៅបណ្ដាប្រទេសផងដែរ៕