នៅពេលការបារម្ភអំពីបញ្ហាអតិផរណា និងការប្រែប្រួលរបស់ទីផ្សារកាន់តែកើនឡើងខ្ពស់ ក្រុមអ្នកមាននៅ អាស៊ី កាន់តែមានការប្រុងប្រយ័ត្ន និងស្វែងរកវិធី «នៅជាមួយ» ទ្រព្យសុវត្ថិភាព។
ការសិក្សាស្រាវជ្រាវថ្មីបំផុតរបស់ធនាគារ Lombard Odier (ស្វ៊ីស) ទៅលើក្រុមអ្នកដែលមានទ្រព្យចាប់ពី ១ លានដុល្លារឡើងទៅនៅ អាស៊ី-ប៉ាស៊ីហ្វ៊ិក បានបង្ហាញថា ពួកគេកំពុងសម្រុកងាកទៅរកទីផ្សារឯកជនកាន់តែច្រើនឡើងៗ ដើម្បីការពារទ្រព្យសម្បត្តិពីបញ្ហាប្រែប្រួលទាក់ទិននឹងព្រឹត្តិការណ៍សកល។
ក្រុមអ្នកមាននៅក្នុងតំបន់ខាងលើ បានចាប់ផ្ដើមគេចពីភាគហ៊ុន និងមូលបត្របំណុល ដើម្បីផ្ដោតទៅលើក្រុមហ៊ុនផ្ទាល់ខ្លួន និងការចាប់យកទ្រព្យសម្បត្តិសុវត្ថិភាព ដូចជាមាស ឬសាច់ប្រាក់ជាដើម។ ទន្ទឹមនឹងនេះ ពួកគេក៏មានការរារែកក្នុងបោះទុនទៅក្នុងវិស័យប្រាក់ឌីជីថលគ្រីបតូ ដែលល្បីខាងមានការប្រែប្រួលខ្ពស់។
Lombard Odier បច្ចុប្បន្នគ្រប់គ្រងទ្រព្យតម្លៃ ៣៥៨ ពាន់លាន ហ្វ្រានស្វ៊ីស (៣៦៣ ពាន់លានដុល្លារអាម៉េរិក) របស់អតិថិជននៅទូទាំងពិភពលោក។ ធនាគារនេះបានស្ទង់មតិលើអ្នកមានចំនួន ៤៥០ នាក់នៅ សិង្ហបុរី, ហុងកុង, ជប៉ុន, ថៃ, ហ្វ៊ីលីពីន, ឥណ្ឌូណេស៊ី, តៃវ៉ាន់ និង អូស្ត្រាលី ក្នុងអំឡុងពេលពីខែឧសភា ដល់ខែមិថុនា ឆ្នាំ ២០២២។
«ក្រុមអ្នកវិនិយោគនៅ អាស៊ី-ប៉ាស៊ីហ្វ៊ិក កំពុងតែមានការប្រុងប្រយ័ត្នកាន់តែខ្លាំងនៅពេលបង្កើតតារាងវិនិយោគ។ ពួកគេកំពុងបង្វែរទ្រព្យសម្បត្តិទៅរកទិសដៅដែលមានលក្ខណៈឯកជន និងជម្រើសដែលសុវត្ថិភាពជាងមុន ប៉ុន្តែក៏នៅតែធ្វើពិពិធកម្មទៅលើប្រភេទមុខជំនួញរបស់ពួកគេនៅក្រៅស្រុក» Vincent Magnenat នាយកធនាគារ Lombard Odier ប្រចាំតំបន់ អាស៊ី បានថ្លែងកាលពីថ្ងៃទី ០៧ កញ្ញាដូច្នេះ និងបន្ថែមថា «អត្រានៃការបែងទ្រព្យទៅក្នុងវិស័យប្រាក់ឌីជីថលគ្រីបតូ ក៏មានកម្រិតទាបបំផុត»។
យោងតាម Bloomberg អ្នកមានទ្រព្យជាងគេបំផុតទាំង ៥០០ នាក់ នៅក្នុងពិភពលោក បានបាត់បង់ទ្រព្យអស់ ១.៤ ទ្រីលានដុល្លារនៅពាក់កណ្ដាលដើមឆ្នាំនេះ ដោយសារតែភាគហ៊ុនបច្ចេកវិទ្យាធ្លាក់ថ្លៃ និងអតិផរណាមានកំណើនខ្ពស់។ ស្ថានភាពនេះខុសទាំងស្រុងធៀបនឹងកាលពី ២ ឆ្នាំមុន ដោយកាលណោះ បណ្ដាធនាគារនាំគ្នាចាត់វិធានការដើម្បីទប់ស្កាត់ផលប៉ះពាល់របស់ជំងឺកូវីដ-១៩ បណ្ដាលឱ្យតម្លៃភាគហ៊ុន និងទ្រព្យឯកជនកើនឡើងខ្ពស់។
បញ្ហាអតិផរណាកើនឡើងខ្ពស់ និងប៉ះពាល់ដល់សេដ្ឋកិច្ចសកលនាបច្ចុប្បន្ន គឺជាក្ដីបារម្ភធំបំផុតរបស់អ្នកមានប្រមាណ ៧៧% នៅក្នុងបញ្ជីស្ទង់មតិរបស់ Lombard Odier។ មនុស្សចំនួនពាក់កណ្ដាលដែលបានចូលរួមក្នុងការស្ទង់មតិ មានការបារម្ភអំពីការប្រែប្រួលលឿនរបស់ទីផ្សារ ហើយពួកគេត្រូវបង្កើនការធ្វើពិពិធកម្មលើប្រភេទមុខជំនួញ។ ចំណែកមនុស្ស ៨៣% មិនវិនិយោគទៅក្នុងទីផ្សារប្រាក់ឌីជីថលគ្រីបតូ ឬវិនិយោគដែរ តែក្រោម ៥% ធៀបនឹងមុខជំនួញទាំងអស់ដែលពួកគេវិនិយោគ។
មូលហេតុដែលក្រុមអ្នកមាននៅ អាស៊ី-ប៉ាស៊ីហ្វ៊ិក ងាកទៅរកទ្រព្យឯកជន ក៏ព្រោះតែទ្រព្យប្រភេទនេះមានសុវត្ថិភាព និងងាយស្រួលក្នុងការគ្រប់គ្រងហានិភ័យ។ អ្នកមាននៅ សិង្ហបុរី និង អូស្ត្រាលី កំពុងនាំមុខគេនៅក្នុងនិន្នាការនេះ ក្នុងនោះ ៦០% មានគម្រោងវិនិយោគទៅក្នុងទ្រព្យសម្បត្តិឯកជន៕