រថយន្តចំនួន ១៨,២៧៩ គ្រឿង ត្រូវបាននាំចូលក្នុងខែសីហា ២០២២ ក្នុងតម្លៃសរុប ៣៨៥.៤ លានដុល្លារអាម៉េរិក នេះបើតាមព័ត៌មានពីអគ្គនាយកដ្ឋានគយរបស់ វៀតណាម។
ដោយមានលទ្ធផលខាងលើ ខែសីហា ២០២២ ត្រូវបានចាត់ទុកថាជាខែដែលមានការនាំចូលរថយន្តច្រើនជាងគេបំផុតមិនធ្លាប់មានពីមុនរបស់ វៀតណាម។
លទ្ធផលខាងលើក៏ធ្វើឱ្យចំនួនរថយន្តនាំចូលក្នុងរយៈពេល ៨ ខែឆ្នាំ ២០២២ កើនឡើងដល់ ៩៦,២៣៩ គ្រឿង ក្នុងនោះ តម្លៃនាំចូលសម្រេចបាន ២.២៥ ពាន់លានដុល្លារអាម៉េរិក។ ក៏ប៉ុន្តែ បរិមាណរថយន្តនាំចូលក្នុង ៨ ខែដើមឆ្នាំនេះ នៅតែទាបជាង ៨.៨% និងតម្លៃនាំចូលទាបជាង ៤% បើធៀបនឹង ៨ ខែដើមឆ្នាំ ២០២១។
ទីផ្សារនាំចូលរថយន្តធំៗរបស់ វៀតណាម ភាគច្រើនស្ថិតនៅក្នុងទ្វីបអាស៊ី ក្នុងនោះរួមមាន ឥណ្ឌូណេស៊ី ប្រទេសថៃ និង ប្រទេសចិន។
ក្នុងខែសីហា ២០២២ វៀតណាម នាំចូលរថយន្តចំនួន ១០,៣៦០ គ្រឿង ពី ប្រទេសឥណ្ឌូណេស៊ី ធ្វើឱ្យប្រទេសនេះក្លាយជាទីផ្សារនាំចូលរថយន្តធំបំផុតរបស់ វៀតណាម នៅក្នុងរយៈពេល ៨ ខែដើមឆ្នាំនេះ។
ជាក់ស្ដែង ក្នុង ៨ ខែដើមឆ្នាំ ២០២២ វៀតណាម នាំចូលរថយន្តពី ឥណ្ឌូណេស៊ី បាន ៣៨,៤៦៩ គ្រឿង ក្នុងតម្លៃប្រមាណ ៥៥៦ លានដុល្លារអាម៉េរិក, នាំចូលពី ប្រទេសថៃ បាន ៣៧,៧៤៨ គ្រឿង ក្នុងតម្លៃ ៧៤៩.៣ លានដុល្លារ និងនាំចូលពី ប្រទេសចិន បាន ១៣,១៩៨ គ្រឿង ក្នុងតម្លៃ ៥៣៥.៨៧ លានដុល្លារអាម៉េរិក។