ការអប់រំធនធានមនុស្ស ជាផ្នែកយ៉ាងសំខាន់ដែលជំរុញឱ្យសកម្មភាពមានភាពរស់រវើក ព្រោះថា នៅពេលដែលប្រទេសមួយសម្បូរទៅដោយប្រជាជនដែលមានគុណភាពខ្លាំង គ្រប់ចង្វាក់ផលិតកម្មក្នុងស្រុកក៏អាចធ្វើទៅបានដោយរលូនផងដែរ ព្រោះពួកគេមានធនធានគ្រប់គ្រាន់ដើម្បីធ្វើការផលិតនូវរាល់ផលិតផលទាំងអស់នោះ។
យោងការលើកឡើងរបស់រដ្ឋាភិបាលវៀតណាមដែលដកស្រង់ដោយសារព័ត៌មាន Vietnam Express បានឱ្យដឹងថា រដ្ឋាភិបាលកំពុងធ្វើបទប្បញ្ញត្តិថ្មីមួយដើម្បីសម្រួលដល់ស្ថាប័នបរទេសដែលធ្វើការផ្តល់សេវាកម្មអប់រំដល់សិស្សដើម្បីស្វែងរកការសិក្សានៅក្រៅប្រទេស។
យោងតាមការចេញផ្សាយដោយសារព័ត៌មានក្នុងស្រុករបស់វៀតណាម បានបង្ហាញពីការលើកឡើងរបស់ក្រសួងអប់រំ និងបណ្តុះបណ្តាលវៀតណាមថា ពួកគេជឿជាក់ថា បទប្បញ្ញត្តិថ្មីនេះនឹងជំរុញឱ្យមានការបណ្តុះបណ្តាលធនធានមនុស្សបានយ៉ាងទំលំទូលាយ ដែលមូលធនមនុស្សទាំងអស់នោះនឹងក្លាយជាកម្លាំងពលកម្មយ៉ាងសំខាន់សម្រាប់អភិវឌ្ឍវិស័យឧស្សាហកម្មក្នុងស្រុក។
ទិន្នន័យនៅចុងឆ្នាំ 2016 ពាក់ព័ន្ធនឹងការអប់រំនៅប្រទេសវៀតណាម បានបង្ហាញឱ្យឃើញថា មាននិស្សិតប្រមាណជាង 30,000នាក់ បានចេញទៅសិក្សានៅសហរដ្ឋអាមេរិក។ ចំនួននេះត្រូវបានគេមើលឃើញថាវៀតណាមបានស្ថិតក្នុងចំណាត់ថ្នាក់លេខ6 ក្នុងចំណោមប្រទេសដែលមានសិស្សទៅសិក្សានៅគ្រឹះស្ថានអប់រំរបស់អាមេរិក។
ជាចក្ខុវិស័យថ្មីរបស់វៀតណាម គឺចង់ឃើញសិស្សនិស្សិតរបស់ខ្លួនបានចេញទៅសិក្សានៅបរទេស ជាពិសេសសហរដ្ឋអាមេរិកច្រើនជាងជប៉ុន និងជិតដល់ចំនួនសិស្សនៃប្រទេសកាណាដា។ ចំនួនចុះឈ្មោះសិក្សារបស់សិស្សវៀតណាមនៅសហរដ្ឋអាមេរិក មានចំនួនច្រើនជាងឆ្នាំ 2009 ទ្វេដង។
ក្រៅពីសហរដ្ឋអាមេរិក ប្រទេសដែលជាគោលដៅរបស់សិស្សវៀតណាមមានដូចជា អូស្ត្រាលី សិង្ហបុរី និងចក្រភពអង់គ្លេស៕