សត្វខ្ញែរសមុទ្រដ៏តូចមួយប្រភេទដែលមានអង្កត់ផ្ចិតត្រឹម ៤.៥ មម អាចដំណើរការបញ្ច្រាសនូវដំណាក់កាលចាស់ជរា និងវិលត្រលប់ទៅរកដំណាក់កាលវ័យក្មេងសាជាថ្មី។
ក្នុងពេលដែលជីវិតស្ទើរតែទាំងអស់ត្រូវចាស់ និងស្លាប់ទៅតាមពេលវេលា មានសត្វមួយប្រភេទដែលមានជីវិតអមតៈ និងស្ថិតនៅក្មេងខ្ចីជានិច្ច។
អ្នកស្រី Miranda Lowe អ្នកវិទ្យាសាស្ត្រមកពីសារមន្ទីរប្រវត្តិវិទ្យាក្រុងឡុងដ៍ បាននិយាយថា ខ្ញែរសមុទ្រជីវិតអមតៈ (Turritopsis dohrnii) ដែលមានរូបរាងតូចល្អិត គឺជាសត្វមួយប្រភេទក្នុងចំណោមសត្វដែលអាចត្រូវបានចាត់ទុកថា ពិតជាមានជីវិតអមតៈ។
ខ្ញែរសមុទ្រ តែងតែឆ្លងកាត់វដ្ដនៃជីវិតដែលចាប់ផ្ដើមពីពងមួយគ្រាប់ ក្រោយមកពងនេះចាប់ផ្ដើមរីកចម្រើនបន្តិចម្ដងៗទៅជាកូនដង្កូវ។ ដង្កូវនេះតោងជាប់ទៅនឹងថ្ម ឬផ្ទៃអ្វីមួយដែលរឹង ហើយបន្តរីកចម្រើន និងក្លាយជា polyp ដែលជាសត្វមួយប្រភេទមានរូបរាងដូចបង្គោល និងមានមួក។
នៅពេល polyp នេះធំល្មម កូនខ្ញែរសមុទ្រចាប់ផ្ដើមបំបែកខ្លួនចេញដោយឡែក។ ពេលខ្ញែរសមុទ្រធំពេញវ័យ ដែលគេហៅថា medusa នឹងហែលរកចំណី។
ក្នុងករណីរបស់ខ្ញែរសមុទ្រជីវិតអមតៈ នៅពេលវារីកចម្រើនដល់ដំណាក់កាលពេញវ័យ វាអាចវិលត្រលប់មកដំណាក់កាល polyp ហើយក្រោយមកក៏រីកចម្រើនជាខ្ញែរពេញវ័យម្ដងទៀត។ ការវិវត្តនេះ ចេះតែកើតឡើងសាចុះ សាឡើងមិនឈប់ឈរ ជួយឱ្យខ្ញែរសមុទ្រមិនងាប់ដោយសារចាស់ជរា៕