Skip to content

ចង់​អភិវឌ្ឍន៍​ផលិតភាព​ត្រូវ​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ឱ្យបាន​ញឹកញាប់

មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​ជំរុញ​ឱ្យ​ម្ចាស់​សហគ្រាស​ផលិត​ក្នុងស្រុក​ចូលរួម​ក្នុង​វគ្គ​បណ្តុះបណ្តាល​ឱ្យបាន​កា​ន់​តែ​ច្រើន​ទាក់ទង​នឹង​ផលិតភាព ដែល​ចែករំលែក​ការសិក្សា​ស្រាវជ្រាវ​ដោយ​អ្នកជំនាញ​អន្តរជាតិ បើ​មិន​ដូច្នេះ​ទេ​ពួកគេ​មិនអាច​បង្កើន​ប្រសិទ្ធភាព​ក្នុងការ​ផលិត​ផលិតផល​សម្រាប់​ការប្រកួតប្រជែង​ជា​លក្ខណៈ​អន្តរជាតិ​បានទេ។

មជ្ឈមណ្ឌល​ផលិតភាព​ជាតិ​នៃ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម និង​អង្គការ​ផលិតភាព​អាស៊ី (APO) កាលពីពេលថ្មីៗនេះ​បានរៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​លើកដំបូង​ដោយ​ផ្តោតលើ“ការធ្វើឱ្យ​ប្រសើរឡើង​នូវ​ការបង្កើត​ថ្មី ផលិតភាព និង​គុណភាព​ក្នុង​វិស័យ​កសិកម្ម និង​ពាណិជ្ជ​កម្មក​សិ​ម្ហូបអាហារ​នៅ​កម្ពុជា។

ឯកឧត្តម ភោគ សុវណ្ណ​រិ​ទ្ធិ រដ្ឋលេខាធិការ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម បាន​និយាយថា រាល់​សិក្ខាសាលា​បណ្តុះបណ្តាល​ដែល​រៀបចំឡើង​ដោយ​ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម សហការ​ជាមួយ​ស្ថាប័ន​អន្តរជាតិ គឺមាន​បំណង​នាំយក​នូវ​ចំណេះដឹងថ្មីៗដែល​អ្នកជំនាញការ​អន្តរជាតិ​ទើបបាន​ស្រាវជ្រាវ​រកឃើញ​យកមក​ផ្សព្វផ្សាយ​នៅ​កម្ពុជា។

ឯកឧត្តម​បាន​បញ្ជាក់ថា៖“ពេល​មាន​សិក្ខាសាលា​បែបនេះ គឺ​យើង​នាំយក​នូវ​ចំណេះដឹង​បច្ចេកវិទ្យា​ចុង​ក្រោយមក​ជម្រាបជូន​ប​ង​ប្អូន​ដើម្បី​ឱ្យដឹងថា​ឥឡូវនេះ​ពិភពលោក​ដើរ​ដល់​ណា​ហើយ! បើ​យើង​មិន​យល់ដឹង​ពី​បច្ចេកវិទ្យាថ្មីៗ យើង​នៅតែ​ពឹង​លើ​កសិកម្ម​បែប​បុរាណ​ដែលមាន​ផលិតភាព​តិច និង​គុណភាព​អន់។ បើ​និយាយ​ឱ្យ​ងាយ​ស្តាប់​គឺ​រកស៊ី​មិនទាន់​គេ។

ឯកឧត្តម អះអាងថា ការចែករំលែក​ចំណេះដឹង​ពី​អ្នកជំនាញការ​របស់​អង្គការ​ផលិតភាព​អាស៊ី ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​ជប៉ុន និង​មាន​ប្រទេស​ជា​សមាជិក​រហូតដល់20ដែល​ភាគច្រើន​ជា​ប្រទេស​មានការ​លូតលាស់​ល្អ ដូចជា​ប្រទេស​ជប៉ុន សិង្ហ​បុរី សាធារណៈរដ្ឋ​កូរ៉េ ជាដើម​នោះ​គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់។

លោក ហេង អៀង នាយក​មជ្ឈមណ្ឌល​ផលិតភាព​ជាតិ បាន​និយាយថា មជ្ឈមណ្ឌល​ផលិតភាព​ជាតិ បាន​សហការ​ជាមួយ​អង្គការ​ផលិតភាព​អាស៊ី (APO) រៀបចំ​សិក្ខាសាលា​ថ្នាក់ជាតិ​នេះ​ឡើង​សម្រាប់​ចែករំលែក​ចំណេះដឹង​ជូន​សិក្ខាកាម​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នៃ​ដំណើរការ​ក្នុង​វិស័យ​កសិកម្ម និង​កសិឧស្សាហកម្ម​នៅ​កម្ពុជា ព្រោះថា​កសិកម្ម​នៅ​ប្រទេស​កម្ពុ​ជាមាន​ទ្រង់ទ្រាយ​លក្ខណៈ​ផលិតភាព​នៅមានកម្រិត បានន័យថា​នៅ​ខ្សោយ​ដំណើរ​ការផលិត និង​ពេល​ប្រមូល​ផល​មិនទាន់មាន​ស្ថិរភាព។ លោក​បាន​បន្ថែមទៀតថា បច្ចេកទេស​នៃ​ការប្រើប្រាស់​សារធាតុ​គីមីកសិកម្ម​នៅ​មិនទាន់​សមស្រប គឺជា​បញ្ហា​មួយ​ដែល​គួរឱ្យ​ព្រួយបារម្ភ និង​ត្រូវមាន​ដំណោះស្រាយ។ ទាំងអស់នេះ​គឺជា​តម្រូវការ​មួយ​នៃ​ការផ្លាស់ប្តូរ​រូបរាង​កសិកម្ម ដើម្បី​ផ្គត់ផ្គង់ និង​ទ្រទ្រង់​ដល់​ការ​ចិញ្ចឹមជីវិត​នាបច្ចុប្បន្ន​ឱ្យមាន​ស្ថិរភាព​ក្នុងការ​ប្រកួតប្រជែង​ផ្នែក​កសិកម្ម និង​កសិពាណិជ្ជកម្ម៕

Leave a Reply

Your email address will not be published. Required fields are marked *