កម្ពុជា ទទួលបានពានរង្វាន់ពិភពលោកចំនួន ២ ពីស្ថាប័ន World Travel Awards ទាក់ទងនឹងវិស័យទេសចរណ៍ ឆ្នាំ ២០២២ ដែលពិធីប្រគល់ពានរង្វាន់ត្រូវបានធ្វើឡើងនៅទីក្រុងព្រៃនគរ។
ស្ថាប័ន World Travel Awards បានប្រគល់ពានរង្វាន់ទាក់ទងនឹងវិស័យទេសចរណ៍ចំនួន ២ ដល់ កម្ពុជា ក្នុងនោះរួមមាន ពានរង្វាន់ «គោលដៅវប្បធម៌ឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ ២០២២ (Asia’s Leading Culture Destination 2022)» និងពានរង្វាន់ «គោលដៅទេសចរណ៍យុវជនឈានមុខគេក្នុងទ្វីបអាស៊ីឆ្នាំ ២០២២ (Asia’s Leading Youth Travel Destination 2022)»។
ការទទួលបានពានរង្វាន់ទាំងនេះ គឺកើតឡើងដោយសារមានការគាំទ្រពីសំណាក់ទេសចរប្រមាណ ២ លាននាក់មកពីជុំវិញពិភពលោក ដែលបានចូលរួមបោះឆ្នោតជ្រើសរើស កម្ពុជា ជាគោលដៅទេសចរណ៍វប្បធម៌ និង គោលដៅទេសចរណ៍យុវជនឈានមុខគេ ក្នុងទ្វីបអាស៊ីឆ្នាំ ២០២២។
ពិធីប្រគល់ និងទទួលពានរង្វាន់ខាងលើ ត្រូវបានប្រារព្ធឡើង នៅទីក្រុងហូជីមិញ (ព្រៃនគរ) ប្រទេសវៀតណាម កាលពីថ្ងៃទី ០៧ ខែកញ្ញាកន្លងទៅ នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិ ITE HCMC 2022។
ក្នុងនាមជាតំណាងរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងទេសចរណ៍ បានអញ្ជើញទៅទទួលពានរង្វាន់ទាំងនេះ៕