អ្នកជំនាញក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាបានអះអាងថា តម្រូវការធនធានមនុស្សក្នុងវិស័យនេះនៅតែមានច្រើន ខណៈដែលវិស័យនេះនៅតែបន្តទាក់ទាញវិនិយោគិនថ្មីៗឱ្យចូលមកបណ្តាក់ទុនបន្ថែម បើទោះបីជាប្រឈមនឹងការដាក់កំហិតលើអត្រាការប្រាក់ខ្ពស់បំផុតត្រឹម18% ក្នុងឆ្នាំដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងធនាគារជាតិនៃកម្ពុជាបានដាក់ឱ្យអនុវត្តចាប់តាំងពីខែមេសា កន្លងមកក៏ដោយ។
ក្រោយការដាក់ចេញនូវសេចក្តីសម្រេចថ្មីលើអត្រាការប្រាក់នេះ ប្រតិបត្តិករក្នុងវិស័យនេះបានឱ្យដឹងថា ប្រាក់ចំណេញរបស់ខ្លួននឹងធ្លាក់ចុះ បើទោះបីជាមិនប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការប្រតិបត្តិរបស់ខ្លួនក៏ដោយ។ ជាមួយការប្រឈមថ្មីៗនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុឯកជននេះ អ្នកគ្រប់គ្រងក្នុងវិស័យដែលទទួលបានប្រាក់ចំណេញខ្ពស់ជាងគេមួយនេះបានលើកឡើងថា តម្រូវការធនធានមនុស្សសម្រាប់វិស័យនេះនៅតែត្រូវការច្រើនដដែល ដោយសារវិស័យនេះស្ថិតនៅដំណាក់កាលអភិវឌ្ឍ។
ការអះអាងនេះ អាចជាមធ្យោបាយមួយកាត់បន្ថយនូវមន្ទិលសង្ស័យរបស់និស្សិតចំពោះការសម្រេចចិត្តសិក្សាមុខវិជ្ជាធនាគារ និងហិរញ្ញវត្ថុផងដែរ ស្របពេលដែលសិស្សទើបប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កំពុងតែស្វែងយល់ជ្រើសរើសមុខវិជ្ជាដើម្បីបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា។
លោកឧកញ៉ា ហួត អៀងតុង ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានប្រាប់ថា បន្ទាប់ពីការដាក់កម្រិតថ្មីរបស់ធនាគារជាតិមកលើការប្រតិបត្តិរបស់វិស័យហិរញ្ញវត្ថុឯកជន គេនៅមិនទាន់ឃើញមានផលប៉ះពាល់អ្វីធំដុំនៅឡើយទេ ក្រៅពីការបាត់បង់ប្រាក់ចំណេញប៉ុណ្ណោះ។ លោកឧកញ៉ា បានបន្ថែមថា ការបាត់បង់ប្រាក់ចំណេញនេះអាចទប់ស្កាត់ផែនការពង្រីកអាជីវកម្មតាមរយៈការពង្រីកសាខាបន្ថែម ហើយតម្រូវការធនធានមនុស្សសម្រាប់ប្រតិបត្តិការក៏នៅតែមានដើម្បីពង្រឹងខ្លួន បើទោះបីជាវិស័យមួយនេះស្ថិតនៅដំណាក់កាលដំបូងនៃកំណែទម្រង់ក៏ដោយ។
លោកឧកញ៉ា ហួត អៀងតុង បានថ្លែងថា៖“ហិរញ្ញវត្ថុជាវិស័យមួយសំខាន់សម្រាប់អភិវឌ្ឍន៍ប្រទេស ដូចនេះតម្រូវការធនធានមនុស្សក៏នៅតែមានអាទិភាពដែរ ហើយខ្ញុំរំពឹងថាតម្រូវការចំនួនមនុស្សបម្រើការងារក្នុងវិស័យនេះអាចថយចុះនៅពេលខាងមុខ តែវិស័យនេះទាំងមូលនឹងនៅតែល្អជាបន្តទៀត។
លោកស្រី សូ ផនណារី អនុប្រធានប្រតិបតិ្តនិងជាប្រធានមន្ត្រីប្រតិបតិ្តការនៅធនាគារអេស៊ីលីដា បានលើកឡើងថា សម្រាប់វិស័យធនាគារនេះទីផ្សារទំនងមិនចង្អៀតពេកនោះទេ ដោយសារមានធនាគារថ្មីៗរបស់បរទេសទើបចូលមក ហើយម្យ៉ាងទៀតវិស័យហិរញ្ញវត្ថុក្នុងស្រុកកកើតច្រើនដែរក្នុងរយៈពេលថ្មីៗនេះដែលបញ្ជាក់ឱ្យឃើញថា ទីផ្សារនៅតែត្រូវការច្រើន។
ទោះជាបែបនេះក្តីលោកស្រីហាក់ទាញចំណាប់អារម្មណ៍របស់អ្នកសិក្សាឱ្យសម្លឹងមើលជំនាញផ្សេងៗជាច្រើនទៀតដែលទីផ្សារត្រូវការដូចគ្នាដោយមិនត្រូវផ្តល់អាទិភាពដល់ការសិក្សាហិរញ្ញវត្ថុខ្ពស់ពេកនោះទេ។ លោកស្រីនិយាយថា៖“ជំនាញអ្វីក៏ដោយឱ្យតែទីផ្សារត្រូវការខ្លាំង ជំនាញនោះនឹងទទួលបានការឱ្យតម្លៃ និងប្រាក់ចំណូលខ្ពស់។
សម្រាប់ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំបំផុត លោកស្រីបានបញ្ជាក់ថា តម្រូវការធនធានមនុស្សថ្មីអាចនឹងនៅទ្រឹងសម្រាប់ឆ្នាំ2019 និងឆ្នាំ2020 ខណៈឆ្នាំ2018 ខាងមុខ តម្រូវការធនធានមនុស្សថ្មីអាចមានត្រឹម1ទៅ2%ប៉ុណ្ណោះនៃចំនួនបុគ្គលិកបច្ចុប្បន្នសរុប12,580នាក់។
លោកស្រីបានបញ្ជាក់ថា៖ “យើងកំពុងបណ្តុះបណ្តាលបុគ្គលិកឱ្យផ្តោតលើ Digital Banking ដូចនេះតម្រូវការធនធានមនុស្សថ្មីសម្រាប់ប៉ុន្មានឆ្នាំខាងមុខគឺមិនទាន់ចាំបាច់នោះទេ។
ឯកឧត្តម វង្សី វិសុទ្ធ រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុ និងហិរញ្ញវត្ថុ ធ្លាប់បានទទួលស្គាល់ថា វិស័យហិរញ្ញវត្ថុនេះមានភាពកាក់កបខ្លាំងជាវិស័យផ្សេងៗទៀត ដែលមានអត្រាចំណេញប្រចាំឆ្នាំរហូតជាង18%។ ទន្ទឹមគ្នានេះអត្រាការប្រាក់ខ្ពស់សម្រាប់អតិថិជនគឺជាចំណោទមួយដែលទាមទារឱ្យដោះស្រាយនៅពេលខាងមុខ ព្រោះវិស័យនេះក៏ដល់ពេលដែលត្រូវកែទម្រង់ដែរ។
យោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា (NBC) បង្ហាញពីការរីកចម្រើនឥតឈប់ឈរក្នុងវិស័យនេះក្នុងរយៈពេលកន្លងមក ដោយប្រាក់បញ្ញើ និងកម្ចីនៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាក្នុងឆ្នាំ2015 បានកើនឡើងក្នុងរង្វង់ពីជាង 18ទៅជិត 30%នៅឆ្នាំ2016។ ប្រាក់បញ្ញើរបស់អតិថិជននៅក្នុងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅក្នុងឆ្នាំ2015 បានកើនឡើង 18.9% ដល់ 12.68ពាន់លានដុល្លារ ខណៈដែលឥណទានបានកើនឡើង 28% ដល់ 15.14ពាន់លានដុល្លារ ធៀបទៅនឹងឆ្នាំ2014។
រហូតមកដល់ពេលនេះចំនួនធនាគារពាណិជ្ជ ធនាគារឯកទេស និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងប្រតិបត្តិនៅកម្ពុជា មានចំនួនជិត80ស្ថាប័ន៕