ក្រុមហ៊ុនសាងសង់កប៉ាល់ La Meridionale បានបញ្ចេញស្រឡាងថ្មីដែលសមស្របនឹងបរិស្ថាន ដោយអាចបំបាត់ភាគល្អិតប្រមាណជា ៩៩.៩% ក្នុងចំណោមភាគល្អិតជាឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញម៉ាស៊ីនចំហេះក្នុង។
កាលពីថ្ងៃទី ០៥ កញ្ញា ស្រឡាងមួយគ្រឿងដែលមិនបំពុលបរិស្ថាន ត្រូវបានដាក់ឱ្យដំណើរការក្នុងការដឹកជញ្ជូនផ្លូវទឹករវាងតំបន់ Marseille និង Bastia របស់ ប្រទេសបារាំង។
យោងតាមក្រុមហ៊ុន La Meridionale ស្រឡាងខ្នាតយក្សនេះប្រើប្រាស់ប្រព័ន្ធចម្រាញ់ baghouse ដ៏ទំនើប ដែលភ្ជាប់ជាមួយនឹងបំពង់ផ្សែង ដើម្បីចម្រាញ់ចោលឧស្ម័នពុល។
«តាមពិត យើងមិនបានស្វែងរកឯណាឆ្ងាយ មិនបានស្រាវជ្រាវរកឃើញអ្វីទាំងអស់។ នោះគឺជាប្រព័ន្ធមួយ ជាដំណើរការដែលត្រូវបានប្រើប្រាស់នៅក្នុងបណ្ដារោងចក្រដុតសំរាមឧស្សាហកម្ម សំរាមប្រើប្រាស់ប្រចាំថ្ងៃ និងរោងចក្រអគ្គិសនីដើរដោយថាមពលជីវម៉ាស» ប្រធានផ្នែកបច្ចេកទេស Christophe Ceguinot របស់ La Meridionale ឱ្យដឹងដូច្នេះ។
Christophe Ceguinot បន្តថា «ប្រព័ន្ធចម្រាញ់ baghouse មានវត្តមានជិត ៣០ ឆ្នាំមកហើយ។ ដូច្នេះ ឧបសគ្គរបស់យើងគឺការធ្វើឱ្យវាសមស្របនឹងវិស័យដឹកជញ្ជូនផ្លូវទឹក»។
ការបំពាក់ប្រព័ន្ធចម្រាញ់ baghouse ទំនើបទៅក្នុងប្រព័ន្ធបំពង់ផ្សែង អនុញ្ញាតឱ្យយាននេះបំបាត់ភាគល្អិតនៃផ្សែងខ្មៅបានរហូតដល់ ៩៩.៩% ព្រមទាំងកាត់បន្ថយការបំភាយសារធាតុស្ពាន់ធ័រអ៊ុកស៊ីត ផងដែរ។
ជាក់ស្ដែង ស្ពាន់ធ័រ និងគ្រាប់ល្អិតដែលបញ្ចេញពីម៉ាស៊ីន នឹងត្រូវបានបន្សាបដោយ sodium bicarbonate ហើយក្រោយមកវាត្រូវឆ្លងកាត់ប្រព័ន្ធចម្រាញ់។ ចុងក្រោយ សារធាតុរឹងនឹងត្រូវបាននាំទៅកាន់អាងកែច្នៃឡើងវិញ។ ដូច្នេះ លែងមានឧស្ម័នផ្ទះកញ្ចក់ និងសារធាតុស្ពាន់ធ័រណាដែលអាចបំភាយទៅក្នុងបរិយាកាសទៀតឡើយ៕