Skip to content

ផ្សារ​ផលិតផល​របស់​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា បើក​សាកល្បង​នៅក្នុង​ខេត្តកំពត

ផលិតផល​មួយចំនួន​ដែល​ចេញពី​បណ្តា ខេត្ត​នានា​នៅ​តំបន់​សមុទ្រ បានចាប់ផ្តើម​មាន​ផ្សារ​សាកល្បង​របស់ខ្លួន​ជា​លើកដំបូង​ក្នុង​ខេត្តកំពត ដោយ​ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម និង​អាជ្ញាធរ​ខេត្តកំពត ព្រមទាំង​វិស័យ​ឯកជន​រំពឹងថា ការបង្កើត​ផ្សារ​មួយ​នេះ​នឹងចូលរួម​ចំណែក​ជួយ​ដល់​ការអភិវឌ្ឍ​ផលិតផលផ្សេងៗ ពិសេស​ផលិតផល​ជលផល​សមុទ្រ​កម្ពុជា។

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរ​ស័ក្តិ កាលពី​ថ្ងៃ​សុក្រ​កន្លងមក បានចាត់ទុក​ការបង្កើត​ផ្សារ​ផលិតផល​សមុទ្រ​នេះ គឺជា​ដំណើរ​វិ​វត្ត​ដ៏​ល្អ​មួយ​ដែល​នឹង​ផ្តល់ឱកាស​ឱ្យ​សហគ្រាស​នៅ​តំបន់​សមុទ្រ​អាច​នាំយក​ផលិតផល​សមុទ្រ​របស់​ខ្លួន ដើម្បី​ផ្តល់ឱ្យ​អ្នកប្រើប្រាស់​ដែលមាននិន្នាការ​កើនឡើង​ផ្នែកអនាម័យ គុណភាព និង​សោភ័ណភាព។

ឯកឧត្តម​បាន​បញ្ជាក់ថា បើតាម​បទពិសោធ​របស់​ប្រទេស​ជឿនលឿន​ដែល​ផលិតផល​ត្រូវបានគេទទួលស្គាល់​យ៉ាង​ទូលំទូលាយ គឺ​អ្នកប្រើប្រាស់​តែងតែ​ប្រើ​ភ្នែក​របស់គេ​មុន មុននឹង​ការប្រើ​អណ្តាត​សម្រាប់​ទិញ​ផលិតផល​នោះ។ នេះ​មានន័យថា ផលិតផល​ដែល​អាច​ទាក់ទាញ​អ្នកប្រើប្រាស់​បាន គឺជា​ផលិតផល​ដែលមាន​សោភ័ណភាព​ស្អាត និង​គុណ​ភាពល្អ។

ឯកឧត្តម​រដ្ឋមន្ត្រី មានប្រសាសន៍ថា៖“ខ្ញុំ​ពិតជា​គាំទ្រ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ផ្នែក​ឯកជន ហើយ​ខ្ញុំ​ជឿថា ផ្សារ​នេះ​នឹង​ក្លាយជា​កន្លែង​ប្តេជ្ញាចិត្ត​របស់​ម្ចាស់​សហគ្រាស​ផលិត​ទាំងអស់។ អភិបាល​ខេត្តកំពត ឯកឧត្តម ចាន់ ចេស្តារ បាន​និយាយថា ផ្សារ​នេះ​បាន​កើតឡើង​ក្នុង​ខេត្តកំពត ចំពេល​ដែល​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ​កំពុងមាន​ប្រជាប្រិយភាព​ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​មក​ទស្សនា។

បើតាម​ឯកឧត្តម ក្នុងឆ្នាំនេះ​ខេត្តកំពត​រំពឹងថា​នឹង​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​ជាង1លាន​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង20ម៉ឺន​នាក់។ ភាគច្រើន​នៃ​ភ្ញៀវទេសចរ​ទាំងអស់​គឺ​សុទ្ធតែជា​អ្នកមាន​ជីវភាព​មធ្យម និង​ខ្ពស់ ដូចនេះ​ការបង្កើត​ផ្សារ​នេះ​នឹង​រួមចំណែក​ដល់​ការទាក់ទាញ​ភ្ញៀវទេសចរ ក៏ដូចជា​អភិវឌ្ឍន៍​ផលិតផល​សមុទ្រ​ដើម្បី​ឈានឆ្ពោះ​ទៅរក​គុណភាព និង​អនាម័យ​កម្រិត​ខ្ពស់​ផងដែរ។

ឯកឧត្តម​អភិបាល​ខេត្តកំពត បាន​បញ្ជាក់ថា៖ “វា​ជា​កិត្តិយស​ណាស់ ដែល​ផ្សារ​រួម​សម្រាប់​ផលិតផល​សមុទ្រ​មួយ​នេះ​បាន​កើតឡើង​ក្នុង​ទឹកដី​ខេត្តកំពត។ យើង​សង្ឃឹមថា អាជីវករ​អាច​រៀនសូត្រ​ពីគ្នា​ទៅវិញទៅមក ហើយ​ផលិត​ផលិតផល​ដែលមាន​ស្តង់ដារ និង​អនាម័យ​ខ្ពស់​ស្របតាម​តម្រូវការ​អ្នកប្រើប្រាស់​ដែលមាន​ជីវភាព​កាន់តែ​ប្រសើរ។

ក្នុងនាម​ជា​ម្ចាស់​ផលិតផល​ម៉ាក ង៉ូ​វ ហេង ដែលមាន​ផលិត​ទឹកត្រី និង​ម្រេច​ជាដើម​នោះ លោក​ឧកញ៉ា ចាន់ ស៊ីថា អនុប្រធាន​សម្ព័ន្ធ​សមាគម​ជលផល​សមុទ្រ​កម្ពុជា និង​ជា​ភាគី​ម្ចាស់​ផ្សារ​ដោយសារ​ផ្សារ​នេះ​បានរៀបចំ​ឡើង​ក្នុង​ទីតាំង​អចលនទ្រព្យ​របស់​គ្រួសារ​លោក​ទាំងស្រុង និង​ការជួយឧបត្ថម្ភ​ថវិកា​កែលម្អ​ពី​អង្គការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ប្រចាំ​កម្ពុជា (UNIDO) បាន​យល់ឃើញថា ខេត្ត​នៅ​មាត់សមុទ្រ​មាន​ផលិតផល​សក្តានុពល​ជាច្រើន​ដែល​មិនទាន់​បានបង្ហាញ​ឱ្យស្រប​តាម​តម្រូវការ​របស់​អ្នកប្រើប្រាស់។

លោក​ឧកញ៉ា ចាន់ ស៊ីថា បាន​អះអាងថា កន្លងមក ខេត្តកំពត​គេ​ដឹងថា មានតែ​ដំណាំ​ម្រេច​មួយ​មុខ​គត់​ដែល​ល្បី​សុះសាយ​ទាំង​ថ្នាក់ជាតិ និង​អន្តរជាតិ តែ​ផលិតផល​ផ្សេងទៀត​មិនត្រូវ​បាន​លើកស្ទួយ ដូចជា​បន្លែ និង​ផលិតផល​ជលផល​សមុទ្រ​ជាដើម។

ឧកញ៉ា ចាន់ ស៊ីថា និយាយថា៖“យើង​ចង់ឱ្យ​នៅទីនេះ​សម្រាំង​យក​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ កម្រិតស្តង់ដារ និង​មាន​អនាម័យ។ យើង​នឹង​ឈានទៅរក​សហគមន៍​ផលិត​ផលិតផល​ទាំង​បន្លែ ត្រី ជាដើម តាម​កិច្ចសន្យា ដើម្បី​ធានាថា​ផលិតផល​នោះ​មានគុណ​ភាព និង​ការ​វេច​ខ្ចប់​ល្អ។

លោក សុខ ណារិន នាយក​ប្រតិបត្តិការ​របស់​អង្គការសហប្រជាជាតិ​ដើម្បី​អភិវឌ្ឍន៍​ឧស្សាហកម្ម​ប្រចាំ​កម្ពុជា (UNIDO) ដែល​បាន​ជួយ​ជ្រោមជ្រែង​បង្កើត​ផ្សារ​នេះ បាន​អះអាងថា ក្រោយពី​ការធ្វើការងារ​មួយរយៈ​ធំ​ជាពិសេស​ជាមួយ​អ្នកនេសាទ​តាម​គោលដៅ គេ​សង្កេតឃើញថា​មានការ​កែប្រែ​ឥរិយាបថ​មួយចំនួន​ក្នុងការ​ទុកដាក់​ផលិតផល និង​ការ​វេច​ខ្ចប់។

លោក បាន​និយាយថា៖“អ្វីដែល​យើង​ដឹង គឺ​ផលិតផល​របស់​យើង ជាពិសេស​ផលិតផល​សមុទ្រ​មិនទាន់​កែច្នៃ ត្រូវបាន​នាំចេញ​យ៉ាងច្រើន ដែល​យើង​ត្រូវតែ​ទាញ​ការចាប់អារម្មណ៍​មករក​ផលិតផល​ដែលមាន​គុណភាព អនាម័យ ដើម្បី​ទាក់ទាញ​អ្នកប្រើប្រាស់ ព្រោះ​សូម្បី​ទីផ្សារ​ក្នុងស្រុក​ក៏មាន​សក្តានុពល​ខ្ពស់​ដូចគ្នា”៕

Leave a Reply

Your email address will not be published. Required fields are marked *