ខ្សែរថភ្លើងឡាវ-ចិន ដឹកជញ្ជូនទំនិញអន្តរជាតិបានរាប់លានតោន គិតជាតម្លៃបានជាង ១០ ពាន់លានយុន ក្រោយពីត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីចុងឆ្នាំកន្លង។
យោងតាម Global Times ចាប់តាំងពី ផ្លូវដែកចិន-ឡាវ បានដំណើរការកាលពីថ្ងៃទី ០៣ ធ្នូ ២០២១ អាជ្ញាធរនៅកំពង់ផែ Mohan នៃខេត្ត Yunnan ប្រទេសចិន ដែលស្ថិតនៅជាប់នឹងព្រំដែនជាមួយ ប្រទេសឡាវ បានអនុញ្ញាតឱ្យរថភ្លើងឆ្លងកាត់ព្រំដែនចំនួន ១,៨៦៨ ជើង។ ទំនិញសរុបដែលត្រូវបានដឹកតាមខ្សែរថភ្លើងនេះមានចំនួន ១.២៨ លានតោន ក្នុងនោះមាន ៣៤០,០០០ តោន គឺជាទំនិញនាំពីប្រទេសចិន ចូលប្រទេសឡាវ និង ៩៤០,០០០ តោន ជាទំនិញនាំពី ប្រទេសឡាវ ចូល ប្រទេសចិន។
ទំនិញដែលត្រូវបានដឹកជញ្ជូនតាមរយៈផ្លូវដែកចិន-ឡាវ នេះ មានចំនួនប្រមាណ ២ ពាន់មុខ រួមមានដូចជា ផលិតផលអេឡិចត្រូនិក ផ្ទាំងសូឡា ឧបករណ៍ទូរគមនាគមន៍។ល។ គិតមកដល់ដើមខែសីហាកន្លងទៅ ផ្លូវដែកនេះក៏ដឹកជញ្ជូនអ្នកដំណើរបាន ៥.៥៤ លានជើងរួចហើយដែរ។
ផ្លូវដែកចិន-ឡាវ គឺជាគម្រោងស្ថិតក្នុងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដែលបង្កើតឡើងដោយប្រទេសចិន។ ផ្លូវដែកនេះរត់ឆ្លងកាត់ ៣០ ខេត្ត និងតំបន់ស្វយ័តនៅក្នុងទឹកដីរបស់ ប្រទេសចិន និង ៨ ប្រទេសនៅ តំបន់អាស៊ីអាគ្នេយ៍ មានដូចជា ប្រទេសឡាវ, មីយ៉ានម៉ា, ថៃ និង វៀតណាម ជាដើម។
ផ្លូវដែកចិន-ឡាវ បានក្លាយជាភ្នាក់ងារតភ្ជាប់ដ៏សំខាន់រវាង ប្រទេសចិន ជាមួយនឹងបណ្ដាប្រទេសនៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់ ប្រទេសចិន។
ផ្លូវដែកប្រវែង ១,០៣៥ គីឡូម៉ែត្រនេះ អាចជួយសន្សំសំច័យប្រាក់ក្នុងការដឹកជញ្ជូនបានពី 40-50% សម្រាប់បណ្ដាក្រុមហ៊ុន អាជីវករនាំចេញ នាំចូល។ ប្រការនេះនាំឱ្យ ប្រទេសចិន និងប្រទេសមួយចំនួននៅ អាស៊ីអាគ្នេយ៍ កំពុងមានគម្រោងពង្រីកផ្លូវដែកនេះបន្ថែមទៀត៕