ជាលើកដំបូងហើយដែលការសម្រេចចិត្តកាត់បន្ថយការផលិតប្រេងឆៅរបស់ OPEC+ ត្រូវបានធ្វើឡើងដើម្បីជួយលើកតម្លៃប្រេងដែលបានធ្លាក់ថ្លៃនាពេលកន្លង។
អង្គការនៃបណ្ដាប្រទេសនាំចេញប្រេងឆៅ និងបណ្ដាប្រទេសជាដៃគូសហការ (OPEC+) កាលពីថ្ងៃទី ០៥ កញ្ញា បានឯកភាពគ្នាថា ចាប់ពីខែតុលាខាងមុខ នឹងមានការកាត់បន្ថយបរិមាណប្រេងឆៅប្រមាណ ១ សែនធុងក្នុង ១ ថ្ងៃ ធៀបនឹងខែកញ្ញា។
ការសម្រេចចិត្តកាត់បន្ថយការផលិតប្រេងឆៅរបស់ OPEC+ ត្រូវបានធ្វើឡើងដើម្បីជួយលើកតម្លៃប្រេងដែលបានធ្លាក់ថ្លៃ ដោយសារការបារម្ភអំពីឱនភាពសេដ្ឋកិច្ចធ្វើឱ្យតម្រូវការប្រើប្រាស់ប្រេងថយចុះ។
បរិមាណប្រេងដែល OPEC+ សម្រេចចិត្តកាត់បន្ថយខាងលើ គឺស្មើនឹង ០.១% នៃតម្រូវការប្រើប្រាស់ប្រេងប្រចាំថ្ងៃ នៅទូទាំងពិភពលោក។
នៅក្នុងកិច្ចប្រជុំកាលពីម្សិលមិញ OPEC+ ក៏បានឯកភាពថានឹងអាចកោះប្រជុំគ្រប់ពេល ដើម្បីកែសម្រួលបរិមាណប្រេងឱ្យបានសមស្របនឹងភាពជាក់ស្ដែង នៅមុនកិច្ចប្រជុំតាមកាលកំណត់នៅថ្ងៃទី ០៥ ខែតុលាខាងមុខ។
កាលពីខែមីនា តម្លៃប្រេងពិភពលោកបានឡើងជិតដល់ ១៤០ ដុល្លារ/ធុង ដោយសារតែផលប៉ះពាល់ពីសង្គ្រាមរវាង រុស្ស៊ី ដែលជាអ្នកនាំចេញប្រេងឆៅធំជាងគេលំដាប់ទីពីរក្នុងពិភពលោក បន្ទាប់ពី អារ៉ាប៊ីសាអូឌីត ជាមួយនឹង អ៊ុយក្រែន។
ក៏ប៉ុន្តែ ប្រេងឆៅបានចាប់ផ្ដើមធ្លាក់ថ្លៃនៅពេលមានការបារម្ភអំពីវិបត្តិសេដ្ឋកិច្ច និងការដែល ចិន នៅតែបន្តបិទខ្ទប់ទីក្រុងជាច្រើនដោយសារកូវីដ-១៩ ក៏ដូចជាលទ្ធភាពនៃការសម្រេចបានកិច្ចព្រមព្រៀងនុយក្លេអែររវាង សហរដ្ឋអាម៉េរិក និង អ៊ីរ៉ង់ ដែលនឹងអាចបើកផ្លូវឱ្យ ទីក្រុងតេហេរ៉ង់ នាំចេញប្រេងឆៅទៅកាន់ពិភពលោកឡើងវិញ៕