ប្រទេសថៃ និង វៀតណាម នឹងពិភាក្សាគ្នាលម្អិតអំពីកិច្ចព្រមព្រៀងសហប្រតិបត្តិ ឆ្ពោះទៅរកការដំឡើងថ្លៃអង្ករនាំចេញឱ្យសមស្របនឹងការចំណាយក្នុងការផលិត។
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ Chalermchai Sri-on កាលពីថ្ងៃទី ០៣ កញ្ញា បានឱ្យដឹងថា ប្រទេសថៃ និងវៀតណាម បានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងការដំឡើងថ្លៃអង្ករនាំចេញ ធានាឱ្យមានយុត្តិធម៌ជាងមុន ក្នុងគ្រាដែលការចំណាយលើការផលិតកើនឡើងខ្ពស់។
រដ្ឋមន្ត្រីក្រសួងកសិកម្ម និងសហករណ៍ថៃ បង្ហើបឱ្យដឹងថា ភាគីថៃ និង វៀតណាម បានបង្កើតក្រុមបេសកកម្មពិសេសដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការនេះ។ តាមផែនការ ក្រុមបេសកកម្មរបស់ប្រទេសទាំងពីរនឹងជួបពិភាក្សាគ្នាឆាប់ៗ ដើម្បីឈានដល់ការឯកភាពគ្នាក្នុងការដំឡើងថ្លៃអង្ករនាំចេញ។
លោក Chalermchai Sri-on ក៏បានសង្កត់ធ្ងន់ថា ការដំឡើងថ្លៃអង្ករនាំចេញឱ្យសមស្របនឹងការចំណាយក្នុងការផលិត គឺជាភារកិច្ចរបស់ប្រទេសនាំចេញ។
បច្ចុប្បន្ន ថៃ គឺជាប្រទេសនាំចេញអង្ករធំជាងគេលំដាប់ទី ៣ ក្នុងពិភពលោក បន្ទាប់ពី ឥណ្ឌា និង វៀតណាម។ ប្រទេសថៃ នាំចេញអង្ករបាន ៦.១២ លានតោនក្នុងឆ្នាំ ២០២១ និងបានកំណត់គោលដៅនាំចេញឱ្យបាន ៧ លានតោននៅក្នុងឆ្នាំនេះ៕