«ការជំរុញវិស័យថាមពលកកើតឡើងវិញ» គឺជាគម្រោងខ្នាតយក្សមួយក្នុងចំណោមមហាគម្រោងដែលតំណាងឱ្យមហិច្ឆតាក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធតម្លៃ ១ ទ្រីលានដុល្លារអាម៉េរិករបស់ ប្រទេសចិន។
ប្រទេសចិន កំពុងតែបញ្ចេញប្រាក់វិនិយោគខ្ទង់រាប់ទ្រីលានដុល្លារអាម៉េរិក ទៅក្នុងបណ្ដាគម្រោងហេដ្ឋារចនាសម្ព័ន្ធខ្នាតយក្ស ដោយសង្ឃឹមថា មហាគម្រោងទាំងនោះនឹងក្លាយជាកម្លាំងជំរុញ លើកកម្ពស់ខឿនសេដ្ឋកិច្ចធំលំដាប់ទី ២ មួយនេះ។
រដ្ឋាភិបាលក្រុងប៉េកាំង កំណត់គោលដៅបញ្ចេញថវិកា ៦.៨ ទ្រីលានយុន (ប្រហែល ១ ទ្រីលានដុល្លារអាម៉េរិក) ទៅក្នុងមហាគម្រោងនានា នេះបើតាម Bloomberg។ ទុនវិនិយោគអាចនឹងកើនឡើងខ្ពស់ជាងនេះ ៣ ដង បើសិនជាបណ្ដាញទុនពីបណ្ដាធនាគារ និងក្រុមហ៊ុន ត្រូវបានបន្ថែម។
ក្នុងរយៈពេលខ្លី ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនឹងបង្កើតបានជាកម្លាំងជំរុញដល់ទីផ្សារការងារ ដែលបច្ចុប្បន្នរងផលប៉ះពាល់ដោយសារកំណើនសេដ្ឋកិច្ចយឺត។ ចំណែកក្នុងរយៈពេលវែងវិញ គម្រោងទាំងនេះនឹងជួយឱ្យ ប្រទេសចិន ពន្លឿនដំណើរការអភិវឌ្ឍទីក្រុង បង្កើតបានជាខឿនសេដ្ឋកិច្ចដែលរកបានចំណូលខ្ពស់ អាចប្រកួតប្រជែងជាមួយ សហរដ្ឋអាម៉េរិក ក្នុងវិស័យបច្ចេកវិទ្យា។ល។
«មហាគម្រោងជំរុញវិស័យថាមពលកកើតឡើងវិញ»
«មហាគម្រោងជំរុញវិស័យថាមពលកកើតឡើងវិញ» គឺជាគម្រោងខ្នាតយក្សមួយក្នុងចំណោមមហាគម្រោងតំណាងឱ្យមហិច្ឆតាក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធតម្លៃ ១ ទ្រីលាន (១,០០០,០០០,០០០,០០០.០០) ដុល្លារអាម៉េរិករបស់ ប្រទេសចិន។
តំបន់សមុទ្រខ្សាច់នៅភាគខាងជើងរបស់ ប្រទេសចិន ត្រូវបានជ្រើសរើសឱ្យក្លាយជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញថ្មី។ ក្នុងប៉ុន្មានខែកន្លងមកនេះ សកម្មភាពសាងសង់មជ្ឈមណ្ឌលផលិតអគ្គិសនីប្រើកម្លាំងខ្យល់ និងព្រះអាទិត្យ កំពុងតែកើតឡើងយ៉ាងមមាញឹក ដែលសកម្មភាពនេះនឹងបន្តរហូតដល់ឆ្នាំ ២០៣០។ បរិមាណអគ្គិសនីកកើតឡើងវិញរបស់តំបន់នេះ ស្មើនឹង អឺរ៉ុប នាពេលបច្ចុប្បន្ន។
ក្រៅពី «មហាគម្រោងជំរុញវិស័យថាមពលកកើតឡើងវិញ» ប្រទេសចិន នៅមានមហាគម្រោងជាច្រើនផ្សេងទៀត មានដូចជា «មហាគម្រោងប្រឡាយបង្ហូរទឹកក្រោមដីដែលវែងជាងគេក្នុងពិភពលោក», «មហាគម្រោងផ្លូវដែកល្បឿនលឿនប្រវែងប្រហែល ៤០ ម៉ឺនគីឡូម៉ែត្រា», «មហាគម្រោងសម្រាប់បណ្ដាមជ្ឈមណ្ឌលទិន្នន័យតម្លៃ ៤០០ ពាន់លានយុន/ឆ្នាំ» និង «មហាគម្រោងសម្រាប់ការផ្ដល់អាទិភាពចំពោះទីក្រុងបៃតង»។ល។