ប្រទេសឥណ្ឌា ដណ្ដើមបានតំណែងជាខឿនសេដ្ឋកិច្ចធំជាងគេលំដាប់ទី ៥ ក្នុងពិភពលោក ពីដៃរបស់ អង់គ្លេស និងកំពុងឆ្ពោះទៅកាន់កាប់តំណែងលេខ ៣ បន្តទៀត។
ទិន្នន័យ GDP ដែលត្រូវបាន IMF (មូលនិធិរូបិយវត្ថុអន្តរជាតិ) ប្រកាសកាលពីដើមខែកញ្ញា បានបង្ហាញថា ទំហំសេដ្ឋកិច្ចរបស់ ឥណ្ឌា បានយកឈ្នះលើ អង់គ្លេស នៅក្នុងអំឡុង ៣ ខែចុងឆ្នាំ ២០២១ និងត្រីមាសដំបូងនៃឆ្នាំ ២០២២។
ទំហំសេដ្ឋកិច្ចរបស់ ឥណ្ឌា សម្រេចបាន ៨៥៤.៧ ពាន់លានដុល្លារអាម៉េរិក ខណៈដែល អង់គ្លេស ដែលជាអតីតអាណាព្យាបាលរបស់ ឥណ្ឌា សម្រេចបាន ៨១៦ ពាន់លានដុល្លារ។
ជាមួយនឹងលទ្ធផលខាងលើ ឥណ្ឌា បានយកឈ្នះលើ អង់គ្លេស ក្លាយជាខឿនសេដ្ឋកិច្ចធំជាងគេលំដាប់ទី ៥ ក្នុងពិភពលោក បន្ទាប់ពី សហរដ្ឋអាម៉េរិក, ចិន, ជប៉ុន និង អាល្លឺម៉ង់។ កាលពី ១ ទសវត្សរ៍មុន សេដ្ឋកិច្ចឥណ្ឌា ឈរលំដាប់ទី ១១ ខណៈដែល អង់គ្លេស ឈរលំដាប់ទី ៥។ IMF ព្យាករថា សេដ្ឋកិច្ចរបស់ ឥណ្ឌា នឹងបន្តរក្សាតំណែងនេះ ហើយនឹងមានកំណើនជាង ៧% ទៀត នៅក្នុងឆ្នាំនេះ។
ធនាគារកណ្ដាលរបស់ ឥណ្ឌា (SBI) កាលពីថ្ងៃទី ០៣ កញ្ញា បានប្រកាសអំពីការសិក្សាស្រាវជ្រាវមួយបង្ហាញថា ប្រទេសនេះកំពុងឆ្ពោះទៅរកការកាន់កាប់តំណែងសេដ្ឋកិច្ចធំជាងគេលំដាប់ទី ៣ ក្នុងពិភពលោក ដោយគ្រោងនឹងយកឈ្នះលើ អាល្លឺម៉ង់ នៅឆ្នាំ ២០២៧ និង ជប៉ុន នៅឆ្នាំ ២០២៩៕