ផ្លូវដែកប្រវែង ២៧៧ គីឡូម៉ែត្រ អាចរត់បាន ៣៥០ គីឡូម៉េត្រ/ម៉ោង គ្រោងនឹងជួយឱ្យការធ្វើដំណើររវាង Fuzhou និង Xiamen ចុះមកនៅត្រឹមតែ ១ ម៉ោង។
ការដំឡើងផ្លូវដែកនៃគម្រោងសម្រាប់ខ្សែរថភ្លើងល្បឿនលឿនឆ្លងសមុទ្រដំបូងរបស់ ប្រទេសចិន ត្រូវបានបង្ហើយកាលពីថ្ងៃទី ៣០ សីហា នៅក្នុងខេត្ត Fujian។
ជាផ្នែកមួយដ៏សំខាន់នៅក្នុងបណ្ដាញផ្លូវដែកល្បឿនលឿន ៨ ខ្សែបណ្ដោយ និង ៨ ខ្សែទទឹងរបស់ ប្រទេសចិន ផ្លូវដែក Fuzhou-Xiamen ប្រវែង ២៧៧.៤២ គីឡូម៉ែត្រខាងលើ នឹងជួយតភ្ជាប់ Fuzhou ដែលជាទីក្រុងរដ្ឋបាលរបស់ខេត្ត Fujian ជាមួយនឹងទីក្រុងកំពង់ផែ Xiamen។
គម្រោងផ្លូវដែកនេះត្រូវបានរំពឹងថា នឹងកាត់បន្ថយពេលវេលាក្នុងការធ្វើដំណើររវាងទីក្រុងទាំង ២ ខាងលើ មកនៅត្រឹម ១ ម៉ោង ដោយសារអាចឱ្យបើកបរក្នុងល្បឿន ៣៥០ គីឡូម៉ែត្រ/ម៉ោង និងមានចំណតចំនួន ៨ កន្លែង។
ក្រុមអ្នកសាងសង់ត្រូវឆ្លងកាត់ការលំបាកជាច្រើន និងប្រើប្រាស់មធ្យោបាយដំឡើងផ្លូវដែកទំនើបបំផុតដើម្បីលើកកម្ពស់ប្រសិទ្ធភាព។
Zhang Xiaofeng ដែលជាបុគ្គលិកនៃគម្រោងផ្លូវដែក Fuzhou-Xiamen បានឱ្យដឹងថា «ធៀបនឹងការដំឡើងផ្លូវដែកតាមធម្មតា (ការប្រើប្រាស់បច្ចេកទេសទំនើប) ប្រសិទ្ធភាពបានកើនឡើង ៦០%។ ក្នុង ១ ថ្ងៃ គេអាចដំឡើងផ្លូវដែកប្រមាណ ៦ គីឡូម៉ែត្រ។
គម្រោងស្ថាបនាផ្លូវដែកល្បឿនលឿនឆ្លងសមុទ្រនេះគ្រោងនឹងត្រូវបានបញ្ចប់ជាស្ថាពរនៅក្នុងឆ្នាំ ២០២៣។
នៅ ប្រទេសចិន ក្នុងពាក់កណ្ដាលដើមឆ្នាំនេះ ផ្លូវដែកប្រវែងជាង ២ ពាន់គីឡូម៉ែត្រ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការរួចហើយ៕