ចាប់ពីខែកញ្ញា ២០២២ នេះ ពលករមានជំនាញការងារខ្ពស់ បុគ្គលជាអ្នកឯកទេសជាន់ខ្ពស់ បុគ្គលមានទ្រព្យច្រើនមកពីបរទេសដែលបានចូលនិវត្តន៍ អាចដាក់ពាក្យតាមអនឡាញដើម្បីបន្តស្នាក់នៅក្នុង ប្រទេសថៃ។
យោងតាមប្រភពព័ត៌មានពី បាងកក ប្រទេសថៃ កំពុងតែចូលរួមប្រកួតប្រជែងក្នុងការទាក់ទាញមនុស្សពូកែៗ និងក្រុមអ្នកមាន ឱ្យស្នាក់នៅ និងធ្វើការក្នុងប្រទេសនេះ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច។
លោក Chayotid Kridakon ទីប្រឹក្សារបស់ នាយករដ្ឋមន្ត្រីថៃ បានឱ្យដឹងថា ចាប់ពីខែកញ្ញា ២០២២ នេះ អ្នកជំនាញជាន់ខ្ពស់ បុគ្គលមានទ្រព្យច្រើន រួមនឹងពលករមានជំនាញខ្ពស់មកពីបរទេសដែលបានចូលនិវត្តន៍ អាចដាក់ពាក្យតាមអនឡាញដើម្បីបន្តស្នាក់នៅ និងធ្វើការក្នុង ប្រទេសថៃ យ៉ាងយូរត្រឹម ១០ ឆ្នាំ។
យោងតាមលោក Kridakon រដ្ឋាភិបាលថៃ បានកំណត់គោលដៅទាក់ទាញជនបរទេសដែលជាអ្នកមានទ្រព្យច្រើន ឬអ្នកមានជំនាញខ្ពស់ ឱ្យបាន ១ លាននាក់ ក្នុងរង្វង់ ៥ ឆ្នាំខាងមុខ។
គោលនយោបាយទាក់ទាញបុគ្គលមានទ្រព្យច្រើន និងបុគ្គលមានជំនាញខ្ពស់ខាងលើត្រូវបានចាត់ទុកថាជាជំហានសំខាន់ក្នុងការជួយដល់សេដ្ឋកិច្ចថៃ ដែលគ្រោងនឹងមានកំណើនត្រឹមតែ ៣.៣% ក្នុងឆ្នាំនេះ។
ក្រៅពី ប្រទេសថៃ កន្លងមកក៏មាន ប្រទេសមួយចំនួនដែលអនុវត្តគោលនយោបាយអូសទាញជនបរទេស ក្នុងនោះមានទាំង សិង្ហបុរី និង អេមីរ៉ាតអារ៉ាប់រួម ផងដែរ៕